ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលមួយសប្ដាហ៍ កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាលើកទី២

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងជើង នៅថ្ងៃពុធទី១៨ ខែកញ្ញានេះបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលជាការធ្វើតេស្ដអាវុធប្រភេទនេះជាលើកទី២ ក្នុងរយៈពេលមួយសប្ដាហ៍។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់លោកបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ នៅក្នុងឆ្នាំ២០២៤នេះ ជាផ្នែកមួយនៃការធ្វើតេស្ដដែលត្រូវបានក្រុមអ្នកជំនាញលោកខាងលិចនិយាយថាអាចមានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់បែបនេះ ហើយខណៈដំណោះស្រាយការទូតកំពុងជាប់គាំង កូរ៉េខាងជើងបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បង និងបានដាក់ពង្រាយអាវុធមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរទៅកាន់តំបន់ព្រំដែន។
បើតាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ក្នុងទិសដៅឆ្ពោះទៅទិសឦសាន នៅម៉ោង ៦៖៥០នាទីព្រឹក ថ្ងៃពុធនេះ។ យោធាកូរ៉េខាងត្បូងបន្ថែមទៀតថា «ជាការត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្ដជាថ្មីណាមួយ យោធារបស់យើងបានពង្រឹងការតាមដាន និងការប្រុងប្រយ័ត្ន ខណៈកំពុងចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត គឺទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន»។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ផងដែរ ចូលក្នុងសមុទ្រខាងកើត ហើយដែលនេះជាការធ្វើតេស្ដមីស៊ីលជាលើកដំបូងបំផុតចាប់តាំងពីដើមខែកក្កដាមក។ ក្រោយមក បានអះអាងថា ការធ្វើតេស្ដនៅពេលនោះគឺជាការបាញ់សាកល្បង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតស៊េរីថ្មី ៦០០មិលី្លម៉ែត្រ៕

ដោយ៖ ធីរីណា(រូបថត​៖ KCNA)


ចែករំលែក៖