ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី និងកូរ៉េខាងជើង រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Michael Tan KengSion ឯកអគ្គរដ្ឋទូតសឹង្ហបូរីថ្មីប្រចាំកម្ពុជាចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ។
លោក Michael បានកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ដែលធ្វើអោយកម្ពុជាមានសន្តិភាពយូរអង្វែង និងសន្តិសុខ ស្ថេរភាព ដែលបានទាក់ទាញវិនិយោគិន និងក្រុមហ៊ុនបរទេស រួមទាំងវិនិយោគិនសឹង្ហបូរីមកវិនិយោគនៅកម្ពុជាយ៉ាងច្រើនរហូតមកទល់ពេលនេះ។ ទាំងអស់នេះគឺដោយសារពួកគេមានជំនឿនិងទំនុកចិត្តលើការដឹកនាំរបស់ សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។
លោក Michael ប្តេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរីកចម្រើនទៅមុខទៀត។ លោកចង់ឃើញកិច្ចសហប្រតិបត្តិការការបណ្ដុះបណ្ដាលធនធានមនុស្សមានការពង្រីកបន្ថែម និងស៊ីជម្រៅជាពិសេស ការបណ្ដុះបណ្ដាលជំនាញទៅតាមតម្រូវការរបស់កម្ពុជា។ ជាក់ស្តែង កន្លងមកនេះ សឹង្ហបូរីបានជួយធ្វើផែនការមេលើវិស័យទេសចរណ៍សម្រាប់រយៈពេល១០ឆ្នាំ ដែលកម្ពុជាបានអនុវត្ត ហើយកំពុងទទួលបានជោគជ័យផ្លែផ្កា។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកផងដែរអំពីប្រសាសន៍របស់ លោក Goh Chok Tong អតីតនាយករដ្ឋមន្ត្រីសឹង្ហបូរីនៅឆ្នាំ ១៩៩៤ អំពីគោលនយោបាយបើកចំហជើងមេឃ ដើម្បីទាក់ទាញទេសចរណ៍មកកាន់ទីក្រុងសៀមរាប។
ទំនាក់ទំនងរវាងសឹង្ហបូរី និងកម្ពុជាកំពុងមានការរីកចម្រើនទៅមុខ ហើយកន្លងមកនេះកម្ពុជាបានសហប្រតិបត្តិការជាមួយសឹង្ហបូរីលើវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយក្នុងក្របខណ្ឌអាស៊ាន ដោយសារប្រទេសសឹង្ហបូរី ជាប្រទេសមួយដែលបានផ្ដួចផ្ដើមសមាហរណកម្មអាស៊ាននៅឆ្នាំ២០០០ ដើម្បីកាត់បន្ថយគម្លាតគ្នានៅក្នុងតំបន់អាស៊ានទាំងមូល។
សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍លោកអគ្គរដ្ឋទូតថ្មី និងបានអរគុណចំពោះសឹង្ហបូរីដែលជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសបានបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសឹង្ហបូរីកម្ពុជា នៅភ្នំពេញដើម្បីបណ្ដុះបណ្ដាលបង្កើនសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាល៕