ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់បានឈ្លោះពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី ហើយឈានដល់ការប្រើអំពើហិង្សា ដាក់គ្នាទៅវិញ ទៅមកអ្នកចាញ់រងរងបួសបែកមុខ ចំណែកអ្នកឈ្នះត្រូវបានអាវុធហត្ថចាប់ខ្លួន យកទៅចូលគុក ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសិប្បកម្មធ្វើនំបុ័ងមួយកន្លែងស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានពីអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនបង្កមានឈ្មោះ ផែ រិទ្ធី អាយុ២០ឆ្នាំ ប្រកបមុខរបរកម្មករ ស្នាក់នៅចំណុចខាងលើ បានជួបជុំជាមួយមិត្តភក្តិ២ទៅ៣នាក់ អង្គុយផឹកស៊ីនៅខាងុខសិប្បកម្មធ្វើនំបុ័ង ។លុះបន្ទាប់មកស្រាប់តែជនរងគ្រោះឈ្មោះ រ៉េត សង់ អាយុ២៥ឆ្នាំរស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ បានដើរកាត់ខាងមុខកន្លែងពួកគេផឹកស៊ី។ នៅពេលនោះរវាងជនបង្កនិងជនរងគ្រោះបានស្គាល់គ្នា។ឈ្មោះផែ រិទ្ធី ជនបង្ក បានហៅជនរងគ្រោះឈ្មោះ រ៉េត សង់ ចូលមកផឹកស៊ីជាមួយក្រុមពួកខ្លួន(ផែ រិទ្ធី)។
លុះពួកគេបានផឹកស៊ីទំនងជាស្រវឹងរៀងៗខ្លួនហើយនិយាយច្រើននាំឱ្យអ្នកទាំង២នាក់បាននិយាយប៉ះពាក្យ សំដីគ្នាបង្កជាជម្លោះកើតឡើងហើយឈានដល់ប្រើអំពើហិង្សា ដាក់គ្នា ពួកគេទាំង២នាក់វាយគ្នាទៅវិញទៅមកធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។ក្រោយពីបើកឆាកវាយគ្នាគេឃើញឈ្មោះ រ៉េត សង់ ត្រូវបានឈ្មោះ ផែ រិទ្ធី វាយឱ្យរងរបួសយ៉ាងដំណំ។ ក្រោយមកអ្នករងគ្រោះ មករត់ប្តឹងអាវុធហត្ថខេត្តបន្ទាយមានជ័យ។បន្ទាប់មកកម្លាំងអាវុធហត្ថ៤នាក់ចុះទៅកន្លែងកើតហេតុដោយធ្វើការឃាត់ខ្លួនជនបង្កឈ្មោះ ផែ រិទ្ធី បញ្ជូនមកកាន់បញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ជាប់ចោទពីបទប្រើអំពើហិង្សា ៕សំ វិច្ឆិកា