ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថាៈ ទប់ស្កាត់ទំនិញគ្មានគុណភាពចូលស្រុក ប្រសើរជាងការដើរប្រាប់ប្រជាពលរដ្ឋកុំឲ្យទទួលទានអាហារគ្មានគុណភាព

ចែករំលែក៖

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សមត្ថកិច្ចកាំកុងត្រូលបានចុះអប់រំណែនាំប្រជាពលរដ្ឋតាមសហគមន៍ កុំឲ្យទទួលទានចំណីអាហារដែលមានសារធាតុគីមិ ឬហួសកាលបរិច្ឆេទ ។ នៅឯតាមផ្សារ ក៏ឃើញមន្ត្រីកាំកុងត្រូលចុះពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់ហួសកាលបរិច្ឆេទ និងគ្មានគុណភាពនោះដែរ ។ ប៉ុន្តែវិធានការចាំបាច់មួយ ដែលត្រូវធ្វើមុនគេនោះ គឺមិនទាន់ឃើញឡើយ ។ នោះគឺ នៅតាមបណ្តាច្រកព្រំដែនជាមួយប្រទេសជិតខាង សមត្ថកិច្ចជំនាញ នៅតែឃុបឃិតបើកដៃឲ្យឈ្មួញនាំទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទចូលដដែលជាដដែល ។

នៅច្រកព្រំដែនភាគខាងកើតប្រទេស ក៏ដូចជាភាគខាងលិច សុទ្ធតែមានសេចក្តីរាយការណ៍អំពីករណីនាំទំនិញគ្មានគុណភាព ផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទ និងចូលជារៀងរាល់ថ្ងៃ ។ នៅច្រកព្រំដែនខេត្តតាកែវ គ្រាន់តែប្រហុកត្រីរ៉ស់ ដែលពោរពេញដោយសារធាតុគីមីត្រូវបាននាំចូលក្នុងមួយថ្ងៃមិនតិចជាង៣០តោន ។ នៅតាមច្រកព្រំដែនខេត្តស្វាយរៀង ក៏មិនខុសពីខេត្តតាកែវនោះដែរ, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល… និយាយរួមទៅព្រំដែនភាគខាងកើតសុទ្ធតែជាច្រើនដែលមានទំនិញគ្មានគុណភាព ពោរពេញដោយសារធាតុគីមី, ហួសកាលបរិច្ឆេទ នាំចូលជារៀងរាល់ថ្ងៃ ។ វាមិនតែជាកំហុសប៉ុណ្ណោះទេ ថែមទាំងជាគុណសម្បត្តិសម្រាប់អ្នកនាំទំនិញបន្លែបង្ការចូលនោះទៀតផង ។ គុណសម្បត្តិត្រង់ថា បើពួកឈ្មួញទាំងនោះមិននាំទំនិញគ្មានគុណភាព ហួសកាលបរិច្ឆេទ…ចូលនោះទេ ពលរដ្ឋខ្មែរនៅផ្ទៃក្នុងប្រទេសគ្មានអ្វីទទួលទានឡើយ ។

នៅព្រំដែនភាគខាងលិច ក៏ដូចគ្នានេះដែរ ។ ត្រីដែលដាក់ថ្នាំរាប់រយតោនក្នុងមួយថ្ងៃៗ ត្រូវបាននាំចូលដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងមួយចំណែកសម្រាប់ផលិតណែម ។ ត្រីដែលគ្មានសារធាតុគីមីនៅក្នុងប្រទេសត្រូវបាននាំចេញត្រឡប់ទៅកាន់ប្រទេសថៃវិញ ។ ក្រៅពីត្រីដែលមានសារធាតុគីមី ក៏នៅមានសាច់មាន់, ប្រហិត ដែលពោរពេញទៅដោយសារធាតុគីមី ត្រូវបាននាំចូលពីប្រទេសថៃក្នុងមួយថ្ងៃៗរាប់រយតោន ។ គ្រឿងឧបភោគ បរិភោគ ដែលជិតហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ត្រូវបានឈ្មួញនាំចូលតាមច្រកព្រំដែនជារៀងរាល់ថ្ងៃដែរ ។ ច្រកព្រំដែន មិនថា ខេត្តបាត់ដំបង, បន្ទាយមានជ័យ ឬក៏ប៉ៃលិននោះទេ សុទ្ធតែជាច្រកដែលឈ្មួញនាំទំនិញ, គ្រឿងឧបភោគ បរិភោគ ត្រី សាច់ ដែលមានសារធាតុគីមីចូល ។

មន្ត្រីមានសមត្ថកិច្ចជំនាញក្នុងរឿងនេះ គឺកាំកុងត្រូល នៅតាមច្រកព្រំដែន ពិតជាបានឃើញការនាំទំនិញទាំងនោះចូល ។ ហេតុអ្វីបានជាស្ថាប័នជំនាញមិនចាប់បង្ក្រាបទំនិញ មុនពេលដែលក្រុមឈ្មួញនាំចូលដល់ក្នុងប្រទេស? នេះគឺជាអ្វីដែលប្រជាពលរដ្ឋមើលឃើញថា នោះក៏ដោយសារអំពើពុករលួយ ដែលសមត្ថកិច្ចជំនាញបានឃុបឃិតជាមួយពួកឈ្មួញ បិទភ្នែកឲ្យមានការនាំចូលទំនិញគ្មានគុណភាពដាក់លក់ពេញផ្ទៃប្រទេស ដោយមិនបានគិតខ្វល់អំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ ។ ទំនិញគ្មានគុណភាព ដឹកទាំងឡានធំៗ ឆ្លងកាត់ក្រសែភ្នែកសមត្ថកិច្ចកាំកុងត្រូលនៅតាមច្រកព្រំដែន មិនត្រូវបានពួកគេចាប់នោះឡើយ ។ ជួនកាលពួកឈ្មួញដឹកទំនិញគ្មានគុណភាពមកដល់កណ្តាលប្រទេស ទើបសមត្ថកិច្ចជំនាញដែលមិនបានលាភសក្ការ នាំគ្នាទៅចាប់បង្ហាញស្នាដៃ ។ ទង្វើបែបនេះ គឺកំពុងតែកើតមានជារៀងរាល់ថ្ងៃនៅក្នុងចំណោមសមត្ថកិច្ចព្រោងព្រាតនៅចំណុចព្រំដែន ។

បន្លែ ត្រី សាច់ ជ្រូក… ត្រូវបាននាំចូលពីប្រទេសជិតខាងដោយគ្មានការត្រួតពិនិត្យបញ្ហាសុខភាពឲ្យបានច្បាស់លាស់នោះឡើយ ។ ពួកឈ្មួញនាំជ្រូកពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាបង់ប្រាក់ឲ្យសមត្ថកិច្ចជំនាញប្រចាំខែ ដោយទទួលបានលិខិតបញ្ជាក់សុខភាពសត្វក្នុងមួយខែម្តង ។ មានន័យថា ពួកគេមិនបានចុះទៅពិនិត្យសុខភាពសត្វដោយផ្ទាល់ទេ គឺគេចេញលិខិតបញ្ជាក់សុខភាពសត្វមួយខែម្តង ឬកន្លះខែម្តង ហើយការទូទាត់ប្រាក់ ក៏ទៅតាមនោះដែរ ។ ពួកមន្ត្រីជំនាញនិយាយថា ជ្រុករាប់ពាន់ក្បាលនាំចូលក្នុងមួយថ្ងៃៗ សមត្ថកិច្ចគ្មានពេលគ្រប់គ្រាន់ដើម្បីពិនិត្យសុខភាពជ្រូកក្នុងមួយក្បាលៗនោះទេ ។ ម្យ៉ាងទៀត ប្រសិនបើទប់ស្កាត់ការនាំជ្រូកពីប្រទេសជិតខាងមកផ្ទៃក្នុងប្រទេសនោះ ប្រជាពលរដ្ឋ ពិតជាគ្មានអ្វីទទួលទាននោះឡើយ ។

រឿងរ៉ាវទាំងនេះកំពុងវក់វីនៅក្នុងស្ថាប័នជំនាញ និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចេះតែទទួលទានសាច់ សត្វ ដែលពោរពេញដោយសារធាតុគីមី ឬគ្មានការពិនិត្យសុខភាពច្បាស់លាស់ ។ វិធានការសំខាន់គឺទប់ស្កាត់ចរន្តនៃការនាំចូលជាជាងការពន្យល់ណែនាំប្រជាពលរដ្ឋឲ្យឈប់ទទួលទានចំណីអាហារ គ្រឿងឧបភោគបរិភោគដែលគ្មានគុណភាព ។ ការណែនាំវាមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើទំនិញខូចគុណភាពនៅតែត្រូវបានដាក់លក់ក្នុងតម្លៃថោកៗ នៅចំពោះមុខប្រជាពលរដ្ឋក្រីក្រ ។ មិនមែនប្រជាពលរដ្ឋមិនដឹងថា ការទទួលទានម្ហូបអាហារ ដែលមានសារធាតុគីមីនាំឲ្យខូចសុខភាពនោះទេ ប៉ុន្តែពួកគាត់គ្មានជម្រើស ។ ការស្វែងរកចំណីអាហារ ដែលគ្មានសារធាតុគីមី ឬមិនហួសកាលបរិច្ឆេទ មិនមែនជារឿងងាយនោះទេ ។ សព្វថ្ងៃនេះ ទំនិញដែលនាំចូលភាគច្រើន ក្រៅពីមានសារធាតុគីមីដើម្បីរក្សាទុកឲ្យបានយូរ ទំនិញមួយចំនួនហួសកាលបរិច្ឆេទប្រើប្រាស់ ។ យ៉ាងណាក៏ដោយ តិចតួចណាស់ដែលត្រូវបានយកទៅបោះចោល ។

សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏គួរតែផ្លាស់ប្តូរទម្លាប់នោះដែរ ។ ទម្លាប់នៃការកាន់ប្រាក់ដើម្បីទៅទិញម្ហូបអាហារ បន្លែ បង្ការ នៅតាមទីផ្សារ ដែលផ្ទុកសារធាតុគីមី ។ គ្រាន់តែគល់ស្លឹកគ្រៃដែលអាចដាំនៅជណ្តើរផ្ទះនៃទីជនបទបាននោះ គេមិនសូវឃើញប្រជាពលរដ្ឋយើងប្រើទម្លាប់ល្អនេះឡើយ ។ សូម្បីតែគល់ស្លឹកគ្រៃត្រូវបាននាំចូលពីប្រទេសវៀតណាមក្នុងមួយថ្ងៃៗរាប់សិបតោន នៅគ្រាដែលដីទំនេរតាមលំនៅឋាន ក្បែររបងផ្ទះរបស់ប្រជាពលរដ្ឋ មិនឃើញមានដាំអ្វីសោះនោះ ។ យុទ្ធនាការនៃការដាំដុះ ការចីញ្ចឹមសត្វនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់មួយដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ទំនិញដែលគ្មានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ៕ នួន នរិន្ទ្រន៍


ចែករំលែក៖