ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់បានលង់ស្នេហ៍កម្មការិនីរោងក្រដូចគ្នា(ស្រីស្រឡាញ់ស្រី)ដោយ សង្ឃឹមថា បានរួមរស់សុខទុក្ខជាមួយគ្នាអស់មួយជីវិត ត្រូវនាងជើងល្អល្បួងយកលុយដុល្លារ១ពាន់ដុល្លារអាមេរិក និងលុយខ្មែរ៣លាន១៨ម៉ឺនរៀលហើយគេចខ្លួនបាត់សូន្យឈឹង បន្ទាប់ពីស្រ្តីមេម៉ាយរូបនេះ តាំងខ្លួនធ្វើជាប្តីស្រ្តីជើងល្អរូបនេះ ។
ប្រភពពីអ្នកជិតខាងឲ្យដឹងថា បន្ទាប់ពីលែងលះជាមួយប្តីអស់រយៈពេលជាយូរហើយ បានក្លាយជាស្ត្រីមេម៉ាយគ្មានប្តីជាទីពឹង ។ នាងបានចូលបម្រើការងារកម្មកររោងចក្រហើយក៏បានជួបនារីម្នាក់ ដែលបម្រើការងារជាមួយគ្នារហូតដល់ទន់ចិត្តស្រឡាញ់សុំស្នេហាធ្វើជាប្តី ប្រពន្ធ និងសន្យារស់នៅជាមួយគ្នាអស់មួយជីវិតទៀតផង ។
មិនតែប៉ុណ្ណោះ នាងដែលដើរតួជាប្រពន្ធ បានលួងលោមនាងជាប្ដីឱ្យទិញគ្រឿងអលង្ការ សុំលុយកាក់ និងទូរស័ព្ទពីនាងជាបន្តបន្ទាប់ ដែលសរុបជាទឹកប្រាក់ជិត២ពាន់ដុល្លារអាមេរិក ។ បន្ទាប់ពីនារីជាប្រពន្ធ ល្បួងយករបស់របរនិងគ្រឿងអលង្ការបស់នាងជាប្រពន្ធ ក៏គេចខ្លួនបាត់ស្រមោលសូន្យឈឹង មិនឃើញត្រឡប់ទៅរកនាងវិញទេ ។
ដោយចាំបាត់ៗស្ងាត់ឈឹង គ្មានដំណឹង និងទូរស័ព្ទបានបិទ ខលមិនចូលទៀត ទើបតែពេលនេះ ស្រ្តីជាប្តីប្រទះឃើញប្រពន្ធកំពុងស្នាក់នៅផ្ទះជួលជាមួយមិត្តភក្ដិ ក៏ឃាត់ខ្លួនប្រគល់ឱ្យនគរបាលតែម្ដង ។
ការឃាត់ខ្លួននោះ បានធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែសីហា ២០១៦ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលដើរតួជាប្ដីនោះឈ្មោះប៊ុត ស៊ីណាត អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់បន្ទប់ផ្ទះជួលក្នុភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិវាលអំពិល ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ ។ នាងបានអះអាងថា បានចាញ់បោកប្រពន្ធអស់កងដៃ១ឈុត ដែលមានតម្លៃ២លាន៨០ម៉ឺនរៀល ចិញ្ចៀន, ប្លាទីនដាំត្បូង តម្លៃ៣៨ម៉ឺនរៀល, ទូរស័ព្ទដៃ១គ្រឿងតម្លៃ២៥០ដុល្លារ និងលុយអាមេរិកចំនួន៧៥០ដុល្លារ ។
ដោយឡែក នារីដើរតួជាប្រពន្ធនោះឈ្មោះគង់ អម្ព ហៅណៃ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា ពេលរស់នៅជាមួយគ្នា នារីជាប្រពន្ធបានលួងលោមសុំឱ្យនាង ដែលជាប្ដីទិញគ្រឿងអលង្ការឲ្យ ព្រមទាំងសុំលុយ និងទូរស័ព្ទផង ហើយការទាមទារនេះធ្វើឲ្យគាត់បាក់ចិត្តក៏បានប្រគល់ឲ្យជាបន្តបន្ទាប់ និងបានសន្យាថា នឹងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ។ ក្រោយពេលចប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពេលដែលពួកគេវិលត្រឡប់មកពីលេងស្រុកកំណើតវិញរៀងៗខ្លួន ។
ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា ប៉ុន្តែក្រោយមកស្រាប់តែបាត់ស្រមោល ស្រីស្រស់ទងវងសូន្យឈឹង មិនឃើញពាលពៅត្រឡប់មកវិញឡើយ ចំណែកឯទូរស័ព្ទក៏ខលមិនចូលទៀតធ្វើឲ្យនាងរង់ចាំរយៈពេលជាង៤ខែហើយ ។ លុះមកដល់វេលាព្រឹកថ្ងៃទី១៣ ខែសីហា ទើបប្រទះឃើញប្រពន្ធកំពុងស្នាក់នៅជាមួយមិត្តភក្តិនៅផ្ទះជួល នាងក៏បានប្ដឹងនគរបាលឲ្យឃាត់ខ្លួនតែម្ដង។
បន្ទាប់មក នគរបាលបានសាកសួរ ហើយនាងជាប្រពន្ធនោះ បានសុខចិត្តចេញសំណងទៅខាងប្ដីក្នុង១ខែចំនួន៥០ដុល្លារ ជារៀងរាល់ខែ រហូតដល់គ្រប់ចំនួន និងបានប្រគល់ប្រាក់១០០ដុល្លារផ្សេងទៀត សម្រាប់ថ្លៃទិញទូរស័ព្ទម៉ាកអាយហ្វូនហ្វាយ ដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ