ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦ បានប្រកាសដកតំណែងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋនិងបុគ្គលិកស្ថានីយវិទ្យុអេប៊ីស៊ី ក្រោយពេលដែលលោកសុខ សុគន្ធបញ្ជាឲ្យឃាត់រថយន្តសង្គ្រោះបន្ទាន់ដែលជារថយន្តសម្រាប់បំពេញការងារមនុស្សធម៌ ដឹកសពអ្នកក្រីក្រមិនយកលុយ ។ ជាមួយនេះដែរសម្តេចតេជោ ថែមទាំងសន្យាឧបត្ថម្ភរថយន្តពីរគ្រឿងទៀតសម្រាប់ស្ថានីយវិទ្យុ មួយនេះយកទៅប្រើប្រាស់បំពេញការងារមនុស្សធម៌ និងបានបញ្ជាឲ្យដោះលែងរថយន្តសង្រ្គោះដែលលោក សុខ សុគន្ធ ឃាត់ទុកនោះផងដែរ។
ក្រុមការងារស្ថានីយវិទ្យុ អេប៊ីស៊ី បានប្រាប់ថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានទូរស័ព្ទចូលវិទ្យុអេប៊ីស៊ីនាវេលាម៉ោង១១ព្រឹកថ្ងៃ១៣ ខែសីហានេះ ដោយសម្តេចប្រកាសដកតំណែងលោក សុខ សុគន្ធ ពីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។ សម្តេចមានប្រសាសន៍ថា «ដើម្បីធ្វើការប៉ះប៉ូវ ខ្ញុំអត់មានជម្រើសណាផ្សេងទេ ខ្ញុំបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយ ឲ្យដកប្រធានមន្ទីរសុខាភិបាលរាជធានីហើយ…»។
ប្រភពពីខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ពិតជាមានការដកតំណែងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រាកដមែន ប៉ុន្តែមិនទាន់ផ្លូវការទេ។
ចំណែកលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ក្រោយមានប្រតិកម្មពីសម្តេចតេជោថា ខាងក្រសួងពិតជាទទួលដំណឹងថា សម្ដេចបានសម្រេចដកតំណែងលោក សុខ សុគន្ធ ប្រាកដមែន ប៉ុន្តែមិនទាន់ផ្លូវការទេ ដោយសារក្រសួងមិនទាន់ទទួលបានលិខិតពីថ្នាក់លើ ។
ទោះជាយ៉ាងណាចំណាត់ការរបស់សម្តេចតេជានាពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ជាពិសេសបុគ្គលិកស្ថានីយវិទ្យុ អេប៊ីស៊ី បានសម្តែងអំណរសាទររហូតហូរទឹកភ្នែកពីទង្វើដ៏ល្អប្រកបដោយមនុស្សធម៌និងសុភវិនិច្ឆ័យរបស់សម្តេចតេជោ ដែលមានចំណាត់ការក្នុងករណីនេះ ធ្វើឲ្យរាស្រ្តមិនអាចបំភ្លេចគុណសម្តេចបានឡើយ ៕ ប្រាថ្នា