ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបដិសេធការស្នើសុំរបស់លោក សម រង្ស៊ី ឲ្យសាកសួរតាមប្រព័ន្ធអ៊ីនធឺណិត

ចែករំលែក៖

ភ្នំពេញៈ សំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការបដិសេធចោល ចំពោះការសាកសួរតាមប្រព័ន្ធអ៊ីនធឺណិត ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា នៅតែរក្សាជំហរសាកសួរលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី១៩ ខែសីហា ខាងមុខនេះ ។

ការថ្លែងបែបនេះរបស់ស្ថាប័នតុលាការធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី កាលពីរសៀលថ្ងៃទី១៤ ខែសីហា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ថា ” ខ្ញុំយល់ព្រមទាក់ទងជាមួយតុលាការ តាមរយៈប្រព័ន្ធ អីុនធើណេត (Internet) គឺតាម Teleconference ដូចអ្វីដែលតុលាការខ្មែរក្រហមបានទាក់ទង ថ្មីៗនេះ ជាមួយសាក្សីមួយចំនួន ដែលមិនស្ថិតនៅរាជធានីភ្នំពេញ ” ។ ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងតាមបណ្ដាញសង្គម Telegram កាលពីរសៀលថ្ងៃទី១៤ ខែសីហា ថា ” យើងមិនអនុញ្ញាតលើសំណើសុំរបស់ជនជាប់សង្ស័យឈ្មោះ សម រង្ស៊ី សម្រាប់ការស្តាប់ចម្លើយនៅថ្ងៃទី ១៩ សីហា ២០១៦ តាមកម្មវិធី Teleconference ដោយប្រើប្រាស់ប្រព័ន្ធ Internet ឡើយ ។

លោក លី សុផាណា បញ្ជាក់មូលហេតុ ថាឈ្មោះ សម រង្សុីី ជាជនជាប់សង្ស័យមិនមែនជាសាក្សី ។ ជនជាប់សង្ស័យត្រូវស្តាប់ចម្លើយចំពោះមុខព្រះរាជអាជ្ញានៅកាលបរិច្ឆេទកោះហៅ ដោយអនុលោមតាមនីតិវិធីដែលបញ្ញត្តិនៅក្នុងក្រមនីតិវីធីព្រហ្មទណ្ឌ ។

សាលាក្តីខ្មែរក្រហមបានប្រើប្រាស់នូវតាមកម្មវិធី Teleconference ដោយប្រើប្រាស់ប្រពន្ធ័ Internet សម្រាប់សាក្សីតែប៉ុណ្ណោះដែលជាវីធានការដោយឡែកហើយមិនត្រូវបានប្រើសម្រាប់ជនជាប់សង្ស័យឬជនត្រូវចោទឬជនជាប់ចោទនោះឡើយ ។

តាមផ្លូវច្បាប់ គេនិយាយអំពីភស្តុតាងមិនមែននិយាយអំពីជំនឿរបស់បុគ្គលនោះទេ ហើយជនជាប់សង្ស័យអាចដាក់ភស្តូតាងសម្រាប់ការពារខ្លួននិងជូនតុលាការពិនិត្យដោយផ្ទាល់ខ្លួនឬតាមរយះមេធាវីការពារក្តីរបស់ខ្លួន ។

អ្នកនាំពាក្យរូបនេះ បន្ថែមថា យើងកំំពុងស៊ើបអង្កេតទៅលើបណ្តឹងនិងភស្តុតាងនានាដែលជាប់ពាក់ព័ន្ធនឹងជនជាប់សង្ស័យ សម រង្សុីី ៕ សុខ ខេមរា

rse


ចែករំលែក៖