ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន ពន្យល់អំពីបញ្ហាទាក់ទងដល់ការដកតួនាទីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានពន្យល់អំពីបញ្ហាទាក់ទងដល់ការដកតួនាទីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុករបស់សម្តេចតេជោ​កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ។

«បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីបញ្ហាទាក់ទងដល់ការដកតួនាទីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញហើយ បន្ទាប់ពីមានអត្ថាធិប្បាយមួយចំនួនរហូតលើកឡើងថាការធ្វើបែបនេះនិងធ្វើឱយមន្ត្រីថ្នាក់ក្រោមលេងហ៊ានអនុវត្តន៍ច្បាប់។

មុននឹងនិយាយដល់ខ្លឹមសារគួរសួរថាហេតុអ្វីបានជាខ្ញុំមិនធ្វើអន្តរាគមន៍តាំងពីថ្ងៃដំបូង? ខ្ញុំត្រូវការយល់លើបញ្ហានេះឱយបានច្បាស់សិន និងម៉្យាងទៀត ខ្ញុំយល់ថារឿងតូចតាចបែបនេះមិនគួរខ្ញុំទៅដោះស្រាយទេថ្នាក់ក្រោមដោះស្រាយបានហើយព្រោះវិទ្យុABCនិងបញ្តាញសង្គមFacebook បានផ្សព្វផ្សាយទូលំទូលាយរួចទៅហើយ។ ចាំបាត់ៗហើយក៏គ្មានការបកស្រាយណាមួយពីភាគីអ្នកចាប់ថាមកពីមូលហេតុអ្វីបានចាប់ឡាននេះធ្វើឱ្យបងប្អូនដែលនិយមស្តាប់វិទ្យុABCកាន់តែងឿងឆ្ងល់ហើយបន្តអំពាវនាវមកនាយករដ្ឋមន្ត្រីឱយជួយ។ (បាតដៃក៏សាច់ ខ្នងដៃក៏សាច់) នេះជាចំណុចដែលត្រូវគិតម្ខាងជាស្ថាបន័រដ្ឋនិងម្ខាងទៀតជាស្ថាបន័ផ្សព្វផ្សាយដែលបានរួមចំណែកច្រើនដល់ការផ្តល់ពត៏មានទាន់ហេតុការណ៍ និងទៀងត្រង់ព្រមទាំងបានជួយដល់ជនក្រីក្រដែលក្នុងនោះឡានដែលត្រូវចាប់នេះជាមធ្យោបាយដ៏សំខាន់ជួយអ្នកក្រីក្រ។ចំណុចខ្វះខាតរបស់រថយន្តនេះគឺពុំទាន់មានផ្លាកលេខ ដែលខ្ញុំប្រាប់ លោក ឃួន ស្រេង រៀបចំផ្លាកលេខជូន និងផ្តល់ថែមរថយន្តសង្គ្រោះ២គ្រឿងទៀតជូនវិទ្យុABC។

មានការលើកឡើងថារថយន្តនេះមានដឹកទំនិញខ្ញុំក៏ប្រាប់ឱយទិញរថយន្តមួយគ្រឿងទៀតជូនវិទ្យុនេះ។នេះជាដោះស្រាយជូនវិទ្យុABCទាំងផ្លូវច្បាប់ និងមធ្យោបាយបន្ថែមដើម្បីបន្តជួយដល់អ្នកក្រីក្រដោយមិនយកកម្រៃ។ ចុះហេតុអ្វីបានជាត្រូវដកដំណែងប្រធានមន្ទីរសុខាភិបាល? ការអនុវត្តន៍ច្បាប់មិនខុសទេតែមានកំហុសខាងនីតិវិធី។ ប្រធានមន្ទីរសុខាភិបាលពិតជាមន្ត្រីនរគបាលយុត្តិធម៌ ប៉ុន្តែប្រសិនគាត់អនុវត្តក្នុងតួនាទីនេះ ទាក់ទងនឹងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញា ស្របតាមនីតិវិធីជាធរមាន។

ប៉ុន្តែ ក្នុងកំណត់ហេតុឃាត់រថយន្តលោកប្រធានមន្ទីរបានប្រើប្រាស់តួនាទីជាលេខាធិការដ្ឋានលប់បំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលឯកជនខុសច្បាប់ហើយប្រត្តិបត្តិការដោយកម្លាំងមន្ទីរសុខាភិបាលទាំងអស់ ដោយគ្មានការចូលរួមពីនគរបាលឬអាវុធហត្ថ ឬស្ថាប័នអយ្យការនោះទេ បន្ថែមលើនោះ គឺគ្មានរបាយការណ៍មកថ្នាក់លើ ឬស្ថាបន័អយ្យការពាក់ពន្ធ័បន្ទាប់ពីការឃាត់រថយន្តនោះដែរ។ ការដកតួនាទីលោកប្រធានមន្ទីរមិនមានន័យថាយើងបោះបង់គាត់ចោលនោះទេ យើងអាចតែងតាំងគាត់ក្នុងមុខតំណែងសមស្របណាមួយនាពេលខាងមុខទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះហើយជាការលំបាករបស់ខ្ញុំ សង្ឃឹមថាបងប្អូនជនរួមជាតិនឹងយល់» ៕

hunsen


ចែករំលែក៖