ព័ត៌មានទាន់ហេតុការណ៍៖

ភាពស្ងប់ស្ងាត់នៃការដំណើរការសំណេរនារសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានឱ្យដឹងថា​ នារសៀលថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ 

សកម្មភាពគណៈកម្មការកណ្តាល រៀបចំវិញ្ញាសាប្រឡងរសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់បេក្ខជនទាំងអស់ទៅបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤។ 

ចំពោះដំណើរការសំណេរនារសៀលនេះ មាន២មុខវិជ្ជា គឺគីមីវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕

ដោយ​៖ តារា​


ចែករំលែក៖