ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធអារ៉ាប់ច្រានចោលព័ត៌មានថាបានទម្លាក់គ្រាប់ចំសាលារៀនបណ្តាលឲ្យសិស្សជិត៤០នាក់ស្លាប់និងរបួស

ចែករំលែក៖

នៅថ្ងៃទី១៥ ខែសីហា ប្រទេសអារ៉ាប៊ីសាអូ៊ឌីតបានច្រានចោលព័ត៌មានចោទ ប្រកាន់ថា សម្ពន្ធមិត្តយោធាដែលដឹកនាំ ដោយអារ៉ាប៊ីសាអូ៊ឌីតបានវាយប្រហារ ទម្លាក់គ្រាប់បែកទៅលើទីតាំងហ្វឹកហាត់ របស់ក្រុមឧទ្ទាមមិនមែននៅក្នុងសាលារៀន ដូចការចោទប្រកាន់នោះឡើយ។

កាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ក្រុមគ្រូពេទ្យនៅក្នុងប្រទេសយេមែនបញ្ជាក់ថាមានសិស្សសាលាយ៉ាងតិច១០នាក់បានស្លាប់ និង២៨នាក់រងរបួសនៅក្រោមគ្រាប់បែករបស់សម្ពន្ធអារ៉ាប់ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូ៊ឌីត។

តាមប្រសាសន៍របស់តំណាងក្រុមគ្រូពេទ្យ បានឲ្យដឹងថា ប្រតិបត្តិការផ្លូវអាកាសរបស់សម្ពន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានធ្វើឡើងនាថ្ងៃសៅរ៍ ទី១៣ ខែសីហា លើតំបន់ Haydan កាន់កាប់ដោយ ពួកឧទ្ទាមស្ថិតក្បែរព្រំដែននឹងប្រទេសអារ៉ាប៊ីសាអូ៊ឌីតនិងថា ការវាយប្រហារនោះបានបណ្តាលឲ្យមានសិស្សសាលាអាយុក្រោម១៥ឆ្នាំយ៉ាងតិច១០នាក់បាត់បង់ជីវិត និងរបួស២៨នាក់ផ្សេងទៀត។ ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ជាផ្លូវការដោយអង្គការ Unicef និងបន្ថែមថា ជនរងគ្រោះជា សិស្សដែលមានអាយុពី៦ទៅ១៤ឆ្នាំ។

កម្លាំងសម្ពន្ធអារ៉ាប់ក៏បានបញ្ចេញប្រតិកម្មតាមរយៈអ្នកនាំពាក្យរបស់ខ្លួននាថ្ងៃ អាទិត្យ ទី១៤ ខែសីហា ដែលឆ្លើយបដិសេធ ថា សាលារៀននោះមិនមែនជាផ្ទាំងស៊ីបនៃ ការវាយប្រហារកាលពីថ្ងៃសៅរ៍កន្លងទៅ ទេ និងថាជំរំហ្វឹកហ្វឺនរបស់ក្រុមឧទ្ទាមទេដែលពួកគេបានវាយប្រហារ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបស់កម្លាំងសម្ពន្ធអារ៉ាប់រូបនេះដដែលក៏បានចោទពួកឧទ្ទាមពីបទបាន យកប្រើកូនក្មេងជាកម្លាំងប្រយុទ្ធ និងជា ផ្ទាំងស៊ីបនៅលើសមរភូមិ។

សូមជម្រាបជូនថា នេះមិនមែនជាលើក ទី១ទេដែលសម្ពន្ធអារ៉ាប់បានទទួលរងការចោទប្រកាន់ពីបទសម្លាប់ជនស៊ីវិលនៅក្នុង ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសយេមែន។ ជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា អង្គការ Unicef បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះនៅយេមែនបញ្ជៀសការប្រឈមមុខដាក់គ្នានៅកន្លែងមានជនស៊ីវិល រស់នៅ និងការយកជនស៊ីវិលធ្វើជាខែលផ្ទាំងស៊ីបនៅលើសមរភូមិ ៕ ម៉ែវ សាធី

150320083326-01-yemen-attack-0320-super-169


ចែករំលែក៖