ខេត្តមណ្ឌលគិរី ៖ ខ្យល់កន្ត្រាក់លាយឡំភ្លៀងផ្គរបានឆក់យកជីវិតមនុស្សម្នាក់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាលដែលហេតុការណ៍នេះបានកើតឡើងនៅក្នុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ក្នុងភូមិ រណែងក្រៅ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
អ្នកភូមិដែលឃើញហេតុការណ៍បាន និយាយថា មុនពេលកើតហេតុមានមនុស្សជាច្រើនរួមនឹងម្ចាស់ផ្ទះឈ្មោះ ឈឹម ផាន្នី បាននាំគ្នាអង្គុយផឹកស៊ីនៅក្រោមផ្ទះ ។ លុះ ផឹកមិនទាន់បានប៉ុន្មានផង ស្រាប់តែមាន ខ្យល់បោកបក់មកយ៉ាងខ្លាំងចំផ្ទះជន រងគ្រោះបណ្ដាលឲ្យផ្ទះ១ខ្នងនោះបាក់ប្រាវ រលំដួលរាបដល់ដីផ្អើលមនុស្សរត់ចេញពីក្រោមផ្ទះខ្លះរត់ទាន់ ខ្លះរត់មិនទាន់ ។ ក្រោយ កើតហេតុភ្លាមៗគេក៏បានឃើញមានជន រងគ្រោះម្នាក់ដួលដេកនៅក្រោមគំនរឈើនិងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោច អាធ័ម ។ ចំណែកមនុស្ស៤នាក់ផ្សេងទៀតដែលអង្គុយផឹកជាមួយគ្នាក៏រងរបួសធ្ងន់ និងស្រាលដែរ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូកបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ផល ភក្កី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិឃុំ កើតហេតុខាងលើ ។ រីឯជនរង គ្រោះ៤នាក់ទៀតដែល រងរបួសធ្ងន់ស្រាលនោះត្រូវគេបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជន ។
គួររំឭកថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅឆ្នាំនេះហាក់បីដូចជាកាចសាហាវជាងបណ្ដាឆ្នាំមុនៗ ពោលគឺឲ្យតែភ្លៀងម្តងៗ តែងតែនាំមកជាមួយនូវខ្យល់កន្ត្រាក់ធ្វើឲ្យរលំផ្ទះប្រជាពលរដ្ឋរហូតមានការបាត់បង់អាយុជីវិតមនុស្សនិងសត្វទៀតផង ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយពេល មានភ្លៀងផ្គរម្តងៗ ត្រូវរកកន្លែងមានសុវត្ថិភាពជ្រកឲ្យបានគត់មត់ ៕ សហការី