បេសកជនពិសេសរបស់សហភាពអឺរ៉ុបបានអនុម័តលើជំនួយចំនួន 35 ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន យោងតាមផែនការមុនរបស់សហភាពនេះ និងក្រុម G7 ដែលយកចេញពីទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីដែលត្រូវបានបង្កកដោយអឺរ៉ុប។
កាលពីខែមិថុនា ឆ្នាំ 2024 ក្រុម G7 និងសហភាពអឺរ៉ុបបានប្រកាសផែនការផ្តល់ប្រាក់កម្ចីដែលមានតម្លៃ 50 ពាន់លានដុល្លារដើម្បីគាំទ្រដល់អ៊ុយក្រែន។ ប្រាក់កម្ចីនេះនឹងត្រូវបានកាត់ចេញពីប្រាក់ចំណេញដែលទទួលបានពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅលោកខាងលិចបន្ទាប់ពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនបានផ្ទុះឡើងនៅក្នុងខែកុម្ភៈឆ្នាំ 2022 ។
ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃប្រហែល 210 ពាន់លានអឺរ៉ូត្រូវបានជាប់គាំងនៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបចំនួន 27 ដែលភាគច្រើនត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបញ្ញើបែលហ្ស៊ិក Euroclear ។ ជាមួយនឹងកិច្ចព្រមព្រៀងដែលបានឈានដល់ថ្ងៃទី 9 ខែតុលា សហភាពអឺរ៉ុបអាចពឹងផ្អែកលើទុនបម្រុងថវិការបស់ខ្លួន ក្នុងករណីដែលការរឹតបន្តឹងលើទ្រព្យសម្បត្តិត្រូវបានដកចេញ។
រាល់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្សី ចាំបាច់ត្រូវបន្តជាថ្មីរៀងរាល់ប្រាំមួយខែម្តង តាមរយៈការបោះឆ្នោតជាឯកច្ឆ័ន្ទ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសហុងគ្រី ជាមួយនឹងគោលជំហរជាមិត្តចំពោះរុស្ស៊ី បានព្យាយាមម្តងហើយម្តងទៀត ដើម្បីទប់ស្កាត់ការដាក់ទណ្ឌកម្ម និងវិធានការគាំទ្រសម្រាប់អ៊ុយក្រែន ហើយទំនងជានឹងរារាំងការបន្ថែមនេះ។
ហុងគ្រី ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានសហភាពអឺរ៉ុបវិលជុំរយៈពេលប្រាំមួយខែ មិនចង់ពិភាក្សាអំពីការបន្តការកាន់កាប់របស់ខ្លួនរហូតដល់ក្រោយការបោះឆ្នោតអាមេរិកនៅដើមខែវិច្ឆិកា។
យោងតាមអ្នកការទូតសហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុបបានស្នើពន្យារពេលបន្ថែមពី 6 ខែទៅ 36 ខែ ប៉ុន្តែហុងគ្រីមិនបានលើកសំណើនេះនៅក្នុងការពិភាក្សារបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបទេ។
សំណើកម្ចីរបស់គណៈកម្មាការក៏ចាំបាច់ត្រូវមានការអនុម័តដោយសភាអឺរ៉ុបផងដែរ ព្រោះវាពាក់ព័ន្ធនឹងថវិការបស់ប្លុកនេះ។ សមាជិកសភាសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើកញ្ចប់នេះនៅថ្ងៃទី 22 ខែតុលា៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)