ខេត្តស្វាយរៀង៖ លោក សេង សីលា អភិបាលរងខេត្ត តំណាង លោកអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ចូលរួម ក្នុងពិធី អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace)នៅខេត្តស្វាយរៀង នាសួនពោធិ៍ធិព្រឹក ស្ដិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បន្ទាប់ពី លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឡើងអានរបាយការណ៍ ពីវិស័យ ភ្ញៀវទេសចរ ក្នុងខេត្តស្វាយរៀង រួចមក។
លោក សេង សីលា អភិបាលរងខេត្តស្វាយរៀងបានអាន សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace)
ក្នុងឱកាសដ៏មហោឡារិកប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងឡាយ នៅលើពិភពលោក ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” (Tourism and Peace) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។
ក្នុងនាមរាជរដ្ឋាភិបាលនីតិកាលទី៧ និងជនរួមជាតិកម្ពុជាទាំងមូល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងទទួលខុសត្រូវលើការអភិវឌ្ឍ កសាង ពិសេសកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់ស្ថាប័នដោយផ្តោតទៅលើតួនាទីយ៉ាងសំខាន់នៃកម្លាំងអានុភាពរបស់វិស័យទេសចរណ៍ ក្នុងការជំរុញឱ្យមាននូវឱកាសនៃការងារ ឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ និងជាពិសេសបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាវប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់របស់យើងទាំងអស់គ្នាឈានទៅរកសង្គមមួយមានសុខដុមនីយកម្ម ការយោគយល់គ្នា និងប្រកបទៅដោយការស្រលាញ់ និងគាំទ្រ សន្តិភាពពីគ្រប់ស្រទាប់មហាជនដែលសមស្របទៅនឹងប្រធានបទទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ទេសចរណ៍ និងសន្តិភាព”។
ជាប្រត្យក្សណាស់ថា វិស័យមាសបៃតងមួយនេះ ពិតជាបានដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញ ឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយ រាក់ទាក់គ្នាទៅវិញទៅមក។ ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទី យ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នាដែលបង្កើតបានទៅជាមាគ៌ាសន្តិភាពដែលស្របទៅតាម អនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “អរគុណសន្តិភាព មានសន្តិភាពទើបមាន អ្វីៗទាំងអស់”។ សន្តិភាពដែលបានប្រសូតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទេសចរណ៍ដែលជាមាសបៃតង និងជាឆ្អឹងខ្នងក្នុងការជំរុញសេដ្ឋកិច្ចជាតិយើងឱ្យមានការរីកចម្រើនដូចអរិយ ប្រទេសនានានៅលើសកលលោក។
ផ្តើមចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំ ឡើងជា ៣ ដំណាក់កាល៖ ដំណាក់កាលទី១ ជាដំណាក់កាលភាពធន់នៃវិស័យទេសចរណ៍ ដំណាក់កាលទី២ ជា ដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំណាក់កាលទី៣ ជាដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផល កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គម ពេញលេញលើគ្រប់វិស័យ និងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោលដៅទេសចរណ៍សុវត្ថិភាពនិងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់ កើនឡើង ១៣៩.៥% ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាក់ស្តែង ៧ខែដើមឆ្នាំ២០២៤ យើង ទទួលបានទេសចរអន្តរជាតិ ៣,៧០០,០០០នាក់ ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណជិត ៦,០០០,០០០នាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦។
ជាការពិត ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចសង្គមដ៏ចម្បងមួយសម្រាប់កម្ពុជាគឺ ទាមទារឱ្យមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការធានាចីរភាពកំណើននៃវិស័យដ៏មានសារៈសំខាន់នេះ។ ចំណុចនេះទាមទារ ចាំបាច់ឱ្យមានការបន្តគិតគូរលើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃ វិស័យទេសចរណ៍កម្ពុជានៅក្នុងកម្រិតតំបន់ និងសកលលោក។
ជាក់ស្តែង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចជាប្រវត្តិសាស្ត្រក្នុងការបើកការដ្ឋានសាងសង់ – ព្រែកជីកហ្វូណនតេជោ” ជាផ្លូវការដែលទាំងនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍ក៏ដូចជាគោលដៅពហុទេសចរណ៍ថ្មីដែលនឹងផុសលេចត្រដែតត្រដឹមនៅអមតាមមាត់ព្រែកជីកហ្វូណនតេជោនាអនាគតដ៏ខ្លីខាងមុខ៕
ដោយ៖ សុថាន