ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩%

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង លោក ហម អរុណ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានផ្តល់ព័ត៌មានមកថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩% ។

លោក ហម អរុណ បានបញ្ជាក់ទៀតថា នៅក្នុងឱកាសពិធីប្រណាំងទូក បណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលស្នាក់នៅក្នុងខេត្តបាត់ដំបង និងមកពីតំបន់ផ្សេងៗជាច្រើនទៀត ក៏ដូចជាប្រជាពលរដ្ឋមកពីខេត្តជាប់ព្រំប្រទល់នៃខេត្តបាត់ដំបង រួមមានខេត្តប៉ៃលិន ពោធិសាត់ និងខេត្តបន្ទាយមានជ័យ បានមកលេងកម្សាន្តសប្បាយរីករាយ នៅតាមបណ្តោយដងស្ទឹងសង្កែ សរុបមានចំនួន៤៦១,៧៩១ នាក់ មានការកើនឡើងចំនួន៩.៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៤២១,៧០៥ នាក់ ក្នុងនោះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ចំនួន ៤៦១,៥៦៨ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២២៣ នាក់ មានការកើនឡើង ៨.៧៨ % បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥ នាក់ ។

លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ដែរថា ហេតុផល ដែលប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិ បានមកលេងពិធីប្រណាំងទូក បណ្តែតប្រទីបនៅខេត្តបាត់ដំបង មានការកើនឡើងនាពេលនេះ គឺដោយសារតែគណៈកម្មការរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង បានរៀបចំមានលក្ខណៈពិសេសជាងឆ្នាំមុនៗ តាំងពីការរៀបចំកែលម្អភ្លើងពណ៌នៅតាមដងផ្លូវ សួនច្បារអមសងខាងស្ទឹងសង្កែ និងវិមានឯករាជ្យមានភាពស្រស់ស្អាត និងការរៀបចំប្រទីបខ្នាតធំរបស់អង្គភាពសំខាន់ៗ ក្នុងខេត្តចំនួន៧ បានដាក់តាំងបង្ហាញនៅក្នុងស្ទឹងសង្កែ ដែលប្រទីបនីមួយៗបានបង្ហាញពីសក្តានុពល និងភាពរីកចម្រើនលើគ្រប់វិស័យរបស់មន្ទីររៀងៗខ្លួន ដែលជាការទាក់ទាញមួយដ៏សំខាន់នាឱកាសពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កាន់តែមានភាពអធឹកអធម និងកុះករ ។

យ៉ាងណាក៏លោក ហម អារុណ បានធ្វើការអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ សូមមកលេងកម្សាន្តបន្ថែមទៀត ខណៈពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង នៅសល់ពេលមួយថ្ងៃទៀត គឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ជាពិសេសសូមអញ្ជើញមកភ្លក្សរសជាតិមុខម្ហូបអាហាររបស់អ្នកបាត់ដំបង ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងមិនមានតម្លើងថ្លៃទាំងមុខម្ហូប និងសេវាស្នាក់នៅនោះឡើយ ព្រោះជាបន្តបន្ទាប់នៅមុនពិធីបុណ្យទានចូលមកដល់ មន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង តែងតែចុះធ្វើការផ្សព្វផ្សាយណែនាំបន្ថែមដល់សេវាករ ក្នុងវិស័យទេសចរណ៍ទាំងអស់ មិនឱ្យមានការតម្លើងថ្លៃលើមុខម្ហូប និងសេវាស្នាក់នៅនោះទេ ដើម្បីកុំឱ្យមានភាពថ្នាំងថ្នាក់ពីភ្ញៀវទេសចរ នាំឱ្យបាត់បង់ភ្ញៀវទេសចរនាពេលក្រោយៗទៀត ៕

ដោយ​៖ តារា​


ចែករំលែក៖