ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តដឹកទំនិញធុនធំ១គ្រឿងក្នុងល្បឿនលឿន ខណៈបើកមកដល់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្នជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តLexus RX330 ដែលបើកបត់ចូលបុរីមួយកន្លែងប៉ើងផ្ទប់នឹងស្លាកសញ្ញា រួចបន្តទៅបុករថយន្ត១គ្រឿងទៀតធ្លាក់ទឹកប្រឡាយរងការខូចខាត ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង០០នាទី ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅចំនុចក្បែផ្សារព្រែកជ្រៃ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាក Lexus RX330 ពណ៌ស្ករ១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2J-8688 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបួងចង្កូតបត់ឆ្វេងបម្រុងចូលទៅក្នុងបុរីមួយកន្លែង ស្របពេលមានរថយន្តដឹកទំនិញធុនធំ ក្បាលពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ 3A-3850 បើកមកពីក្រោយស្របទុសគ្នាពីជើងទៅត្បូងលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលចំហៀងខាងស្តាំប៉ើងផ្ទប់ទៅបង្គោលភ្លើង ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តទៅបុកពីក្រោយរថយន្តTACOMA មួយគ្រឿងទៀតដែលចតនៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងប៉ើងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ចំណែកភាគីម្ចាស់រថយន្ត Lexus RX330 បានរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។ នៅពេលនោះដែរអ្នកបើករថយន្តធុនធំក៏បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុកើងហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ