ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Discovery បុកជាមួយ រថយន្ត អាល់ហ្វាត ត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Discovery បុកជាមួយ រថយន្ត អាល់ហ្វាត ត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតភាគីទាំងសងខាងប្រកែចយកត្រូវរៀងខ្លួន។ 

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅមហាវិថីព្រះមុនីវង្ស ស្តុបព្រះសត្យមុនីចេតិយ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ មានរថយន្ត Discovery ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AX-2277 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៨ ទិសដៅពីលិចទៅកើត គោលបំណងឆ្លងស្តុប លុះឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្ត អាល់ហ្វាត១គ្រឿងទៀត ពណ៌ស ដែលមានស្លាកលេខ កម្ពុជា LIHENG99 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ឆ្លងស្តុបដូចគ្នា។ 

ភ្លាមៗនោះរថយន្ត Discover ក៏បានបុកអាល់ហ្វាតនោះពេញទំហឹង ត្រង់ចំហៀងខាងឆ្វេង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតទាំងសងខាង ។ បន្ទាប់មករថយន្តអាល់ហ្វាតមិនទាន់អស់ល្បឿនក៏បានទៅមុខប្រមាណ១០ម៉ែត្រ ស្រាប់តែភាគីខាង Discovery បើកដេញតាមស្ទាក់ពីមុខ ព្រោះខ្លាចអាល់ហ្វាតនោះរត់គេច។ 

ក្រោយកើតហេតុ ភាគីទាំងសងខាង ក៏បានជជែកគ្នា រកខុសត្រូវរាងខ្លួន ប៉ុន្តែមិនអាចដោះស្រាយគ្នាបានឈានដល់ការតឹងសសៃកដាក់គ្នា ផ្អើលប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ 

ក្រោយទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖