ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ័ពីជនជាតិចិនដែលជិះម៉ូតូកង់បីបានសម្រេចហើយតែរត់គេចមិនរួចក៏ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដេញឃាត់បានភ្លាមៗ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ នៅផ្លូវព្រះមុនីវង្សកែងផ្លូវលេខ៤៨៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ជនសង្ស័យទាំង២នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថា ដកហូតម៉ូតូ២គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិចមួយគ្រឿង និងហុងដាឌ្រីមមួយគ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលឃាត់ជនសង្ស័យទាំង២នាក់នោះបាន គឺកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចេញល្បាតទប់ស្កាត់បទល្មើស និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋតាមភូមិសាស្ត្ររាជធានីភ្នំពេញ លុះមកដល់ចំនុចកេីតហេតុ ក៍ស្រាប់ឃេីញជាក់ស្ដែងជនសង្ស័យ២នាក់ ជិះម៉ូតូចំនួន២គ្រឿងក្នុងនោះមានម៉ាក ហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង និងម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខៀវមួយគ្រឿង បានជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនប្រុសៗ២នាក់ដែលកំពង់តែជិះលេីម៉ូតូកង់បី បានសម្រេចហេីយព្យាយាមជិះម៉ូតូរត់គេច តែភ្លាមនោះដោយកម្លាំងសមត្ថកិច្ចឃេីញហេតុការណ៍ជាក់ស្ដែង ក៏បានប្រដេញតាមជនសង្ស័យតាំងពីចំនុចកេីតហេតុ រហូតដល់តាមបណ្ដោយផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទេីបធ្វេីការបង្រ្កាបបានជនសង្ស័យទាំង២នាក់នោះ និងដកហូតម៉ូតូចំនួន២គ្រឿងភ្លាមៗផងដែរ។
ករណីនេះផងដែរ ភ្លាមៗជនសង្ស័យនិងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅសួរនាំនិងដាក់ពាក្យបណ្ដឹងនៅផ្នែកជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ