ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​ស្រាជិះម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរងរបួស​

ចែករំលែក៖

​    ភ្នំពេញ៖ បុរស​ម្នាក់​ស្រវឹង​ស្រាជិះ​ម៉ូតូ​លឿនខណៈមកដល់​ចំណុច​ផ្លូវ​កោង​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឱ្យម៉ូតូ​ដាច់​កង់​មុខ​និង​មនុស្ស​រងរបួស​។ 

​   ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២និង​២៥នាទីយប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ខែ​តុលា​ឆ្នាំ​២០២៤​ជិត​ស្តុប​ចំការមន​ផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។ 

​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FK-8297 ដោយជិះ​តាម​បណ្ដោយ​ផ្លូវ​សុធារស​ក្នុងទិសដៅ​ពី​ ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ហើយ​ស្រវឹង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ដែល​ជាផ្លូវ​កោង​ អ្នក​បេីក​កាច់​ចង្កូត​មិន​ទាន់​ ក៏ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​អោយ​ម៉ូតូ​ដួល​អូស​ជាច្រើន​ម៉ែត្រ រងការ​ខូចខាត​ដាច់​កង់​មុខ​  ព្រមទាំង​ធ្វើ​អោយ​បុរស​ជាអ្នក​បេីក​ម៉ូតូ​រងរបួស​បែក​មុខ​បែក​មាត់​ហូរឈាម​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​ ។ 

​  ក្រោយ​ពេល​កេីតហេតុ​នៅសល់​តែ​ម៉ូតូ​ដែល​រងការ​ខូចខាត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖