ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធមជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានតម្លៃជាង ៣លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណាយថវិកាសាងសង់ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធទិន្នន័យព័ត៌មាន សរុបជាង ៣លានដុល្លារ ក្រោមកិច្ចសហការពីវិស័យឯកជន នៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» នេះក្រុមហ៊ុនឯកជនបានចំណាយដើមទុនចំនួន៣លាន៣សែនដុល្លារ ក្នុងការសាងសង់ ក្នុងនោះរួមមាន ៨០ម៉ឺនដុល្លារសម្រាប់អគារ, ៥០ម៉ឺនដុល្លារ សម្រាប់អ្នកបច្ចេកទេស និងបំពាក់ឧបករណ៍ និង២លានដុល្លារ សម្រាប់បង្កើតបច្ចេកវិទ្យា និងរៀបចំប្រព័ន្ធទិន្នន័យព័ត៌មាន។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា មជ្ឈមណ្ឌលមានតួនាទីរង់ចាំទទួល-ផ្ដល់ព័ត៌មាន និងវិភាគទិន្នន័យពីឧបករណ៍ ដែលម្ចាស់សំណង់ ម្ចាស់គោលដៅ និងរោងចក្រសហគ្រាស បានតភ្ជាប់ជាមួយប្រព័ន្ធរបស់មជ្ឈមណ្ឌល តាមរយៈ Smart Phone អំពីការព្រមានទុកជាមុន ប្រកាសអាសន្នពីអគ្គិភ័យ។ អត្ថប្រយោជន៍អំពីការប្រើប្រាស់ សេវារបស់មជ្ឈមណ្ឌល គឺឲ្យដឹងមុនពីសញ្ញានៃការកើតមានអគ្គិភ័យ, បង្ការមិនឲ្យមានអគ្គិភ័យកើតឡើង និងកាត់បន្ថយហានិភ័យឲ្យនៅកម្រិតអប្បបរមា។

ពីវេទិកាអធិបតី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ការកសាងអគារមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងផ្តល់នូវសេវាកម្មជូនដល់រោងចក្រ សហគ្រាស សិប្បកម្ម គោលដៅអាជីវកម្ម លំនៅដ្ឋាន។ល។ ដោយមានការតម្លើងឧបករណ៍បច្ចេកទេស និងការតភ្ជាប់បណ្តាញទំនាក់ទំនងផ្តល់ព័ត៌មាន សម្រាប់បង្ការ ពន្លត់អគ្គិភ័យ ដោយមាន ក្រុមហ៊ុន ថប ហ្វាយអឺ សេហ្វធី (ខេមបូឌា) គឺជាដៃគូសហការផ្គត់ផ្គង់ឧបករណ៍ សម្ភារបច្ចេកទេស។

នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ បើហ៊ានតែធ្វេសប្រហែសខ្វះការប្រុង ប្រយ័ត្ន គឺមិនត្រឹមតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប៉ុណ្ណោះទេ ពេលខ្លះវាថែមទាំង អាចឆក់យកអាយុជីវិត ឬ/និងបង្កឲ្យរងរបួស ហើយពេលខ្លះធ្លាក់ខ្លួនពិការថែមទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ។ ការត្រៀមលក្ខណៈសម្បត្តិ ម្ចាស់ការក្នុងការបង្ការ ទប់ស្កាត់ គឺជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន។

ដូច្នេះការបំពាក់ឧបករណ៍បច្ចេកទេស និងការតភ្ជាប់បណ្តាញទំនាក់ទំនងព័ត៌មាន ស្របតាមលក្ខខណ្ឌបច្ចេកទេស គឺជាការជ្រើសរើសដ៏ត្រឹមត្រូវនូវភ្នាក់ងារផ្ដល់ព័ត៌មាន និងផ្ដល់កិច្ចអន្តរាគមន៍ទាន់ហេតុការណ៍ ក្នុងករណីមានអគ្គិភ័យកើតឡើងក្នុងទីតាំងរបស់យើង តាមរយៈទូរស័ព្ទផ្ទាល់ខ្លួន ការផ្ដល់ព័ត៌មានពីក្រុមប្រចាំបញ្ហានៃមជ្ឈមណ្ឌលប្រចាំបញ្ហាសង្គ្រោះអគ្គិភ័យ រួមទាំងការបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យដែលនៅកៀកជិតបំផុត ចេញអន្តរាគមន៍បានលឿន ទាន់ពេលវេលា និងចំគោលដៅ។

ទោះជាយ៉ាងណាក្តី ក៏បញ្ហាអគ្គិភ័យមិនមែនជាបន្ទុកនៃការរែកពន់របស់កងកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ តែឯងនោះទេ ពោលគឺនេះជាបញ្ហារួមរបស់យើងទាំងអស់គ្នា ជាពិសេសស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ពលរដ្ឋក្នុងសហគមន៍ និងអ្នកមានមុខរបរ អាជីវកម្មពាក់ព័ន្ធទាំងអស់ សុទ្ធតែមានកាតព្វកិច្ចក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង សង្គ្រោះហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនេះ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវ និងសំណូមពរដល់សា្ថប័ន អាជ្ញាធរដែនដីគ្រប់ថ្នាក់ ពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាជីវករដែលមាន មុខរបរអាជីវកម្មដែលងាយរងហានិភ័យដោយគ្រោះថ្នាក់អគ្គិភ័យទាំងអស់ រួមមាន៖

ទី១៖ សូមចូលរួមចំណែកក្នុងការបង្ការគ្រោះអគ្គិភ័យ ដោយត្រូវលើកកម្ពស់ស្មារតីប្រុង ប្រយ័ត្នខ្ពស់ ពិសេសអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មផ្សព្វផ្សាយអប់រំពលរដ្ឋ និងគោលដៅងាយរងហានិភ័យដោយគ្រោះថ្នាក់អគ្គិភ័យទាំងអស់ ឲ្យយល់ដឹងអំពីច្បាប់ និងវិធានការនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិម្ចាស់ការ ពន្លត់បឋម ពេលមានហេតុការណ៍អគ្គិភ័យកើតឡើងជាថាហេតុ។

ទី២៖ ត្រូវរួមគ្នាពង្រឹងការគោរពច្បាប់ និងអនុវត្តច្បាប់ ក៏ដូចជាបទដ្ឋានបច្ចេកទេស នៃការបង្ការអគ្គិភ័យ ដើម្បីធានានូវសុវត្ថិភាពទាំងការរស់នៅ ការប្រកបរបរ និងអាជីវកម្មនានា សំដៅកាត់បន្ថយការខាតបង់ទ្រព្យសម្បត្តិ រួមទាំងការពារអាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

ទី៣៖ ខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីប្រចាំប្រចាំបញ្ហា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកម្លាំងប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងភ្នាក់ងារកាតព្វកិច្ចពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ដោយត្រូវផ្ដល់ការគាំទ្រលើការងារបណ្តុះបណ្តាល ការបំពាក់មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្ភារសាមញ្ញ ឬបុរាណឲ្យអស់លទ្ធភាព ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ចូលរួមបង្ការ ពន្លត់ និងសង្គ្រោះបានទាន់ពេលវេលា។

ទី៤៖ អង្កភាពនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ក្នុងការចេញអន្តរាគមន៍សង្គ្រោះពេលមានហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យកើតឡើង។

ទី៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវរួមចំណែក ដល់ការរៀបចំសណ្តាប់ធ្នាប់ នៅតាមតំបន់មិនទាន់រៀបរយ ដើម្បីកាត់បន្ថយហានិភ័យគ្រោះ ថ្នាក់អគ្គិភ័យផង និងម្យ៉ាងទៀត ផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់ក្រុមអន្តរាគមន៍ពន្លត់អគ្គិភ័យផង ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ៕

ដោយ ៖ សិលា


ចែករំលែក៖