ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានក្មេងទំនើង ២ក្រុម បានកំពុងឈ្លោះប្រកែកនិងឈានទៅរកការប្រយុទ្ធកាប់គ្នា កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៤៤នាទី នៅចំណុចមុខរោងចក្រសេង ស៊ីន វ៉ាង ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង បានចុះប្រតិបត្ដិការសហការជាមួយកំលាំងមូលដ្ឋាន លោកមេភូមិ និងប្រជាការពារភូមិ ចុះទៅដល់កន្លែងកើតហេតុ ក៏បានជួបជាមួយក្រុមក្មេងទំនេីង ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Y-9537 ជិះគ្នា៣នាក់ ប្រុស មានកាន់កាប់បិតផ្គាក់ ០១ ដើម និង ដាវ ០១ដើម តែជនសង្ស័យបើកម៉ូតូគេច សមត្ថកិច្ច បានបន្ដតាមរហូតមកដល់ចំណុចខាងកើតរោងចក្រ វ៉ាយលាន ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏ផ្ដួលម៉ូតូចោលក្នុងស្រែហើយក៏នាំគ្នារត់គេចខ្លួនទៅទិសខាងត្បូងបាត់។
វត្ថុតាងចាប់យកនិងដកហូត
-កាំបិតផ្គាក់ ០១
-ដាវ០១
-ម៉ូតូ១គ្រឿង
សមត្ថកិច្ចនគរបាលបានបន្ដស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនក្មេងទំនេីង ០៣នាក់ ៖
១- ឈ្មោះ នឹល គង្គា ហៅគា ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ម៉ូតូ រស់នៅភូមិព្រៃទទឹង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ។
២- ឈ្មោះ ស៊ីណេត សុខចាន់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអន្លង់ខ្លឹង ឃុំហោងសំណំ ស្រុកឪរ៉ាល់ អ្នកកាន់កាំបិតផ្គាក់ ។
៣- ឈ្មោះ ផាប់ វិបុល ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអន្លង់ខ្លឹង ឃុំហោងសំណំ ស្រុកឪរ៉ាល់
អ្នកកាន់ដាវ ។
បច្ចុប្បន្នមុខសញ្ញាក្មេងទំនើងទាំង០៣នាក់ កំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ៕
ដោយ៖ តារា