ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អុំទូកទៅនេសាទត្រីបាត់ខ្លួន១យប់ ត្រូវគេប្រទះឃើញលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ម៉ឺន ចាន់ថន ភេទប្រុស អាយុ40ឆ្នាំ រស់នៅភូមិខ្ទុមរាយកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបាត់ខ្លួនមួយយប់ ត្រូវបានគេប្រទះឃើញស្លាប់ដោយលង់ទឹកក្នុងទឹកស្ទឹង ខណៈដែលបុរសរងគ្រោះបានអុំទូកទៅនេសាទត្រីនៅទឹកស្ទឹងមួយកន្លែងកាលពីវេលាម៉ោង11និង15នាទីព្រឹក ថ្ងៃទី18ខែសីហា ឆ្នាំ2016 ស្ថិតក្នុងភូមិសាស្រ្តឃុំបត់ត្រង់ ស្រុកមង្គលបុរី ។សាកសព រហូតដល់វេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី19 ខែសីហា ឆ្នាំ២០១៦ ទើបគេប្រទះឃើញទើជាប់នឹងមែកប្ញស្សី ។

ជុំវិញហេតុការណ៍នេះបើ តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបាននិយាយថា ប្ដីរបស់គាត់បានយកឧបករណ៍ចេញទៅនេសាទត្រីក្នុងស្ទឹងនៅវេលាម៉ោង11 ថ្ងៃត្រង់ ថ្ងៃទី18 ខែសីហា រហូតដល់ម៉ោង6ល្ងាច ដោយបាត់ប្តីយូរ មិនឃើញមកផ្ទះ ពួកគាត់ និងអ្នកភូមិបាននាំគ្នាដើររក ពេលនោះស្រាប់តែឃើញទូក និងសម្ភារ:ប៉ុណ្ណោះមិនឃើញប្ដីរបស់គាត់ឡើយ ។ ប្រពន្ធជនរងគ្រោះបានរៀបរាប់បន្តទៀតថា រហូតដល់ម៉ោង12ថ្ងៃត្រង់ ថ្ងៃទី19 ខែសីហា ឆ្នាំ2016 ទើបប្រទះឃើញសាកសពប្ដីរបស់គាត់អណ្តែតឡើងជាប់មែកឫស្សីចម្ងាយពីទូកប្រហែល30ម៉ែត្រ ។

ប្រពន្ធជនរងគ្រោះបានបញ្ជាក់ទៀតថា ប្ដីរបស់គាត់ធ្លាប់មានជម្ងឺប្រកាច់តេតាណុសទៀតផង ។

សាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅត្រួតពិនិត្យ និងធ្វើកោលល្យវិច័យថា ពិតជាលង់ទឹកស្លាប់ ក្រោយពីធ្វើការត្រួតពិនិត្យលើសាកសពរួច ។

សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ៕ សំ វិច្ឆិកា


ចែករំលែក៖