ខេត្តកំពង់ឆ្នាំង ៖ ម្រាមដៃចំនួន២ខាង ស្តាំបានដាច់ ចំណែកឯលើផ្ទៃមុខនិងខ្លួនបានរងរបួសយ៉ាងធ្ងន់បន្ទាប់ពីថ្មទូរស័ព្ទមួយ គ្រឿងបានផ្ទុះឮសំឡេងយ៉ាងខ្លាំងចេញពីក្នុងផ្ទះដែលហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅភូមិក្រាំង ស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ។
ស្រ្តីឈ្មោះ សុ រ៉ាន់ ជាម្តាយបង្កើតជន រងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឡត សារ៉ុម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ស្រ្តីជាម្តាយបានប្រាប់ឲ្យដឹងថា នៅមុន ពេលកើតហេតុគាត់នៅខាងក្រោមផ្ទះ ចំណែកកូនប្រុសរបស់គាត់សម្ងំនៅលើផ្ទះ ប៉ុន្តែគាត់មិនដឹងថា កូនគាត់ធ្វើអីនោះទេ ស្រាប់តែដល់ពេលកើតហេតុឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីកន្លែងដែលកូនគាត់ កំពុងសំងំ ហើយបានឮសំឡេងកូនរបស់គាត់ ស្រែកយ៉ាងខ្លាំងនៅក្រោយពេលផ្ទុះ។ ពេល នោះពួកគាត់បានឡើងទៅមើលក៏ឃើញ កូនរបស់គាត់ដេកស្តូកស្តឹងនិងនិងនៅលើផ្ទៃមុខ ទ្រូង មានស្នាមរបួស និងដាច់ម្រាម ដៃឈាមឡើងក្រហមច្រាលតែម្តង ។
ម្តាយជនរងគ្រោះបានឲ្យដឹងទៀតថា ឃើញដូចនេះរូបគាត ់និងអ្នកជិតខាង ប្រញាប់ដឹកកូនតាមគោយន្តមកសង្រ្គោះ បឋមនៅមណ្ឌលសុខភាព ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មូលហេតុដែល បណ្តាលឲ្យផ្ទុះថ្មទូរស័ព្ទនេះបន្ទាប់ពីជនរងគ្រោះបានច្នៃថ្មទូរស័ព្ទធ្វើជាពិលសម្រាប់ បំភ្លឺ ហើយពេលដែលកំពុងតែកែច្នៃក៏ផ្ទុះ បណ្តាលឲ្យរងរបួសដាច់ម្រាមដៃមុខ និង ទ្រូងតែម្តង ៕ ចន្ថា