ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា គណបក្សប្រជាជនកម្ពុជា និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នក ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅខេត្តសៀមរាប ដែលមានការចូលរួមពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI ទទួលកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ចូល រួមថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាការចូលរួមថ្លែងសុន្ទរកថា ដោយថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល និង ថ្នាក់ដឹកនាំកំពូលរបស់ CDI។

គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តី សម្រេចចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្ស នយោបាយចំនួន ៤។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយ វេទិកាយុវជន CDI ក៏នឹងរៀបចំវេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយ តបបញ្ហាប្រឈម និងកិច្ចពិភាក្សាស្តីពី “ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី។

សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣ អាណត្តិមកហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖