ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០% ។ 

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ៖

ព្យុះទី២៤ ឈ្មោះ មែនយី (Man-yi) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះ សង្ឃរ៉ា និងនៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់ លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្យុះសង្ឃរានេះពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៤,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

២-តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥%។

៣-តំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖