ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តតាកែវ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីមរណភាពរបស់ស្ត្រីឈ្មោះ ណាំ ចន្ធូ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ បន្ទាប់ពីទទួលបានព័ត៌មានករណីមរណភាពស្ត្រីឈ្មោះ ណាំ ចន្ធូ ដែលរស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រដ្ឋបាលខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ បានចាត់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះ ពិនិត្យស្រាវជ្រាវ និង បានចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។

ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយ មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរ នាក់ប្តី ប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសចំពោះទង្វើដ៏អមនុស្សធម៌ ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមឈឺឆ្អាល ចំពោះអំពើដ៏អមនុស្សធម៌នេះ ក្នុងការពង្រឹងនិងការពារសុខភាពសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ ប្រសើរ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំខេត្ត និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និង សោកស្តាយជាទីបំផុតជាមួយគ្រួសារនៃសព និងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖