ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ ៣នាក់ដែលពាក់ព័ន្ធក្នុងករណីឈូសបំផ្លាញព្រៃលិចទឹកតំបន់២ ក្នុងស្រុកកំពង់លែង ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បញ្ជូនមកដាក់ពន្ធនាគារ កាលពីដើមខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង យកមកបើកសវនាការសួរដេញដោលពេញ១ថ្ងៃ ដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោក ស៊ិន ច័ន្ទសុភ័ក្រ្ត ចៅក្រម, លោក កែវ វ៉ាន់នី ព្រះរាជអាជ្ញារង, លោក វ៉ែន កែវសារឿត ក្រឡាបញ្ជី និងមានការចូលរួមពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន៥រូប រួមនិងមេធាវីការពារក្តីឱ្យជនល្មើស ចំនួន៤រូបផងដែរ។
បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហុង គឹមហាក់ បានឱ្យដឹងថា មកដល់ថ្ងៃបើកសវនាការនេះ ជនល្មើសទាំង៣នាក់បានជាប់ពន្ធនាគារអស់រយៈពេលជាង៧ខែហើយ ។ អង្គសវនាការ បានផ្តើមដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានដេញដោលសួរជនល្មើសទាំង៣នាក់ រួមនិងសាក្សីជាង១០នាក់ផ្សេងទៀត ដើម្បីយកចម្លើយមកផ្ទៀងផ្ទាត់។ ក្រោយសាកសួរពេញ១ថ្ងៃនោះ អង្គសវនាការ បានសម្រេចយកទៅពិចារណា និងដាក់ទោសទណ្ឌទៅលើបុគ្គលទាំង៣នាក់នេះប៉ុន្មានឆ្នាំ នឹងបានដឹងនៅពេលចេញសាលក្រម។
គួររម្លឹកថា៖ កាលពីវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ជនល្មើស៣នាក់ដែលបានពាក់ព័ន្ធនឹងការឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងកន្លងទៅ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមកដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងវិញ និងបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃដដែល។
ជនល្មើសទាំង៣នាក់ រួមមានឈ្មោះ ពុំ សុផល ជាអភិបាលរងស្រុកកំពង់លែង និងជាប្រធានក្រុមចំរុះទប់ស្កាត់បទល្មើសព្រៃលិចទឹកក្នុងដែនឃុំច្រណូក ស្រុកកំពង់លែង(ជាអ្នកអនុញាតអោយកើតមានបទល្មើស), ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង (ជាអ្នកសំរបសំរួលលុយកាក់អោយមន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះ), ឈ្មោះ ជួន តុំ ជាអ្នករកស៊ីទិញលក់ដីក្នុងស្រុកកំពង់លែង (ជាអ្នកឈូសបំផ្លាញព្រៃលិចទឹក និងជាអ្នកសំរបសំរួលលុយកាក់ដល់មន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះផងដែរ)។
ជនល្មើស២នាក់ ឈ្មោះ លឹម ដានីន និង ជួន តុំ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង អយ្យការសាលាដំបូងខេត្ត និងមន្ទីរកសិកម្មខេត្ត ចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីពួកគេបានចូលទៅឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ស្ថិតក្នុងកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ប្រមាណ៤ហិកតា ក្នុងចំណោម២០ហិកតា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤កន្លងមក និងបានបញ្ជូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដោយឡែកឈ្មោះ ពុំ សុផល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅអោយចូលខ្លួន ដើម្បីសាកសួរនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ហើយបានឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តវិញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ តែម្តង។
គួរជម្រាបជូនថា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កន្លងមកបានអំពាវនាវអោយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ ថែរក្សាព្រៃលិចទឹក កុំអោយមានការបំផ្លាញតទៅទៀត ក្រោយពីសម្តេចដឹងថា ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាច្រើនពាន់ហិកតារងការបំផ្លាញពីក្រុមជនល្មើស។ ក្រោយពីសម្តេចធិបតីមានប្រសាសន៍រួច អាជ្ញាធរខេត្តកំពង់ឆ្នាំង អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានសហការបង្ក្រាបបទល្មើសនេះបានចំនួន២ករណី និងចាប់បានជនល្មើសបំផ្លាញព្រៃលិចទឹកចំនួន៥នាក់ ផ្តន្ទាទោសតាមនីតិវិធី ហើយមួយចំនួនទៀតកំពុងរត់គេចខ្លួនផងដែរ ៕
ដោយ៖ តារា