ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល ដែលជាវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហកាជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន រៀបចំកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកលរយៈពេលពេញមួយថ្ងៃតែម្ដង។
សូមជម្រាបជូនថា បន្ទាប់ពីពិធីត្រូវបានបើកជាផ្លូវការរួចរាល់ នឹងមានកិច្ចប្រជុំនឹងបន្តជាមួយកិច្ចប្រជុំពេញអង្គចំនួន៣វគ្គ ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣។ កិច្ចពិភាក្សានឹងចូលរួមដោយអ្នកជំនាញនៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន។
កិច្ចប្រជុំពេញអង្គទាំង៣វគ្គនោះរួមមាន៖
កិច្ចប្រជុំពេញអង្គវគ្គទី១៖ ពិភាក្សាលើប្រធានបទ «ប្រទេសចិន ភាពបៃតងនៃ BRI និង RCEP៖ ការរៀបចំផែនការអនាគត និងការពន្លឿនភាពជាដៃគូ»
កិច្ចប្រជុំនេះ នឹងពិភាក្សាពីបញ្ហាពិភពលោកពហុប៉ូលថ្មី បង្ហាញពីបញ្ហាប្រឈមថ្មីជាមួយនឹងការផ្លាស់ប្តូរអំណាចសកលដែលកើតចេញពីការកើនឡើងនៃអំណាចរបស់ប្រទេសចិន។ ពិភពលោកក្លាយជា VUCA កាន់តែខ្លាំងឡើង ងាយនឹងបង្កជាហេតុ (volatile) មិនច្បាស់លាស់ (uncertain) ស្មុគស្មាញ (complex) និងមិនមានការសម្រេចចិត្តច្បាស់លាស់ (ambiguous)។ តើអាស៊ានអាចឆ្លើយតបយ៉ាងណាចំពោះបញ្ហាប្រឈមភូមិសាស្ត្រនយោបាយទាំងនេះ? តើចិនមានតួនាទីអ្វី? តើ BRI អាចពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់អាស៊ីយ៉ាងដូចម្តេច? តើយើងអាចប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសដោយរបៀបណា? តើយើងអាចបង្កើនឱកាសពី RCEP យ៉ាងដូចម្តេច? តើ FTA អាចបង្កើតឱកាសថ្មីដោយរបៀបណា?
កិច្ចប្រជុំពេញអង្គវគ្គទី២ ពិភាក្សាលើប្រធានបទ «ឌីជីថល កំណើនបៃតង និងនិរន្តរភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី»
កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើបញ្ហាសេដ្ឋកិច្ចថ្មី ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាពគឺជាកត្តាជំរុញដ៏សំខាន់។ នៅពេលដែលពិភពលោកងាកទៅរកសេដ្ឋកិច្ចបៃតង ចិន និងអាស៊ាន ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងថាមពលកកើតឡើងវិញ និងសកម្មភាពអាកាសធាតុ តាមរយៈចំណុចស្នូលនៃកំណើនបៃតង។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាឌីជីថល Ai និង internet of things នឹងជំរុញចិន និងអាស៊ានឆ្ពោះទៅមុខក្នុងសេដ្ឋកិច្ចឌីជីថល។ តើចិន និងអាស៊ានអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងបរិវត្តកម្មឌីជីថលដោយរបៀបណា?
កិច្ចប្រជុំពេញអង្គវគ្គទី៣ នឹងពិភាក្សាលើប្រធានបទ «តួនាទីរបស់សហគ្រិន និងវិនិយោគិនចិន នៅក្រៅប្រទេសក្នុងការជំរុញការវិនិយោគផ្ទាល់ពីបរទេស៖ សហគ្រិនភាព ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មគ្រួសារ»
កិច្ចប្រជុំនឹងពិភាក្សាពីបញ្ហាជនជាតិចិនដែលចំណាកស្រុកនៅក្រៅប្រទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក។ តើជនចំណាកស្រុកទាំងនេះ អាចបន្តរួមចំណែកដល់កំណើនពិភពលោក និងក្នុងតំបន់ដោយរបៀបណា? តើធ្វើដូចម្តេចដើម្បីលើកទឹកចិត្តសហគ្រិនភាព នវានុវត្តន៍ និងការចាប់ផ្តើមអាជីវកម្ម?
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ដែលពីមុន ត្រូវបាន គេស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្តូររវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច។
ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុង Kuala Lumpur, Melbourne, ទីក្រុងឡុងដ៍, Melaka, Penang, ទីក្រុង Chongqing, ទីក្រុងប៉េកាំង, ទីក្រុង Shenzhen, ទីក្រុងហុងកុង និងម៉ាកាវ។
ការប្តូរឈ្មោះទៅកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃបច្ចេកវិទ្យា ជាពិសេសនវានុវត្តន៍ឌីជីថល និងភាពបៃតង ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។ វាក៏លើកឡើងនូវតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និរន្តរភាព និងការផ្លាស់ប្តូរភូមិសាស្ត្រសេដ្ឋកិច្ច។
GCET ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូបច្ចេកវិទ្យា ស្របពេលដែលមានការគាំទ្រយ៉ាងខ្លាំងក្លាលើកត្តា ៤យ៉ាង រួមមាន ភពផែនដី មនុស្ស វិបុលភាព និងភាពជាដៃគូ។
នៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត ដែលត្រូវបានសម្គាល់ដោយការកើនឡើងនៃទំនោរមនោគមវិជ្ជាសកល និងពហុភាគីនិយម បេសកកម្មរបស់ GCET គឺពាក់ព័ន្ធជាងពេលណាៗទាំងអស់។ កិច្ចប្រជុំកំពូលនេះជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរុករក និងដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រ និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ តារា