ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមានប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ឆ្នាំនេះ គឺជាខួប ៧៥ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន ដែលចិនបានព្យាករណ៍លើការកើនឡើងនូវកំណើនបច្ចេកវិទ្យានៅក្នុងប្រទេសចិន ក្នុងនោះតាមរយៈ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ចិនបាននាំយកបច្ចេកវិទ្យាទំនើបជាច្រើនមកកម្ពុជាផងដែរ។
-សម្តេចធិបតី ថ្លែងថា កម្ពុជាជាប្រទេសមួយដែលមានសេដ្ឋកិច្ចបើកចំហរ និងសេរីនៅអាស៊ី ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគអាចរក្សាប្រាក់ចំណេញរបស់ពួកគេ និងជាគោលដៅសម្រាប់ធ្វើការវិនិយោគរបស់វិនិយោគិនប្រទេសនានា។
-សម្តេចធិបតី ថ្លែងថា កម្ពុជា មិនត្រឹមតែផ្ដល់ជូនវិនិយោគិននូវកន្លែងវិនិយោគប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងផ្ដល់ឱកាសវិនិយោគសម្រាប់អាគតរបស់ពួកគេ ខណៈប្រទេសកម្ពុជាគឺជាប្រទេសយុទ្ធសាស្រ្ដទាំងក្នុងអាស៊ី និងក្នុងតំបន់ដែលមានសក្ដានុពលលើហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនមានសក្ដានុពល។
-សម្តេចធិបតី ថ្លែងថា កត្តាសន្តិភាពគឺជាទំនិញដ៏មានតម្លៃបំផុត សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ដូច្នេះហើយបានរាជរាជរដ្ឋាភិបាលចាំបាច់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន។
-សម្តេចធិបតី ថ្លែងបន្តរំលឹកអំពីកត្តាសន្តិភាព ខណៈសម្តេច បានលើកឡើងថា «សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជា គឺជាអំណោយផលយ៉ាងល្អ ដល់ការវិនិយោគសម្រាប់បរទេស»។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច តាមរយៈការជួយគាំទ្រដល់គ្រប់ជំហាន និងគ្រប់មធ្យោបាយដល់រាល់អាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
-សម្ដេចធិបតី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា «រាជរដ្ឋាភិបាលរបស់យើង គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយយើងតែងតែនៅជួយគាំទ្រដល់អ្នកគ្រប់ជំហាន»។
-សម្ដេចធិបតី ថ្លែងបន្តថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានបន្ថែមវិស័យបច្ចេកវិទ្យា គឺជាធាតុផ្សំថ្មីបន្ថែមនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅធ្វើពិពិធកម្ម និងទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា ដែលពឹងផ្អែកលើជំនាញ និងចំណេះដឹង។
-សម្ដេចធិបតី បានបង្ហាញការប្ដេជ្ញាចិត្ត និងបានសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេច នឹងបន្តគាំទ្រដល់ជោគជ័យរបស់អ្នកធុរកិច្ច និងវិនិយោគិនទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយទ្វាររបស់កម្ពុជា តែងតែបើកចំហ។
-សម្តេចធិបតី ថ្លែងសង្កត់ធ្ងន់ថា វត្តមានរបស់ធុរកិច្ច និងវិនិយោគិន នឹងក្លាយជាផ្នែកមួយនៃដំណើរការក្នុងការផ្លាស់ប្តូររបស់ កម្ពុជានៅក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍ឌីជីថល ឬការបណ្តាក់ទុនផ្សេងទៀត គឺកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់អ្នក។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានថ្លែងប្រាប់ទៅកាន់អង្គប្រជុំពីការប្រកាន់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកធុរកិច្ច និងវិនិយោគិន ថា ជាតួអង្គដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈតួនាទីរបស់រដ្ឋាភិបាល គឺអ្នកបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន ភាពជឿនលឿន ហើយកំណើនសេដ្ឋកិច្ចទទួលបានការថែទាំ។ ភ្ជាប់ជាមួយគ្នានេះ សម្ដេចបានលើកឡើងពីតម្លៃនៃសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែជាកត្តាដែលចាំបាច់ខានពុំបាន។
-សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា ជាគោលនយោបាយរបស់រដ្ឋាភិបាល ក៏បានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់សម្តេចក្នុងការគាំទ្រដល់អាជីវកម្ម គឺទី១ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមដាននិន្នាការសកល និងធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង។ មួយទៀត គឺគណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព៕
ដោយ៖ តារា