ព័ត៌មានទាន់ហេតុការណ៍៖

បាញ់េមេឃ២គ្រាប់! ក្នុងការបង្រ្កាបបទល្មើសនេសាទ គ្រាដែលពលរដ្ឋព័ទ្ធសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍របស់ខណ្ជរដ្ឋបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យប់មិញកម្លាំងមន្រ្តីរដ្ឋបាលជលផលអធិការដ្ឋានរដ្ឋបាលជលផល កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រមាណ២៣នាក់ មធ្យោបាយដោយកាណូតចំនួន០៥គ្រឿង សហការចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៍ចាប់ត្រី(ឈ្នក់) រួមផ្សំដោយអំពូលភ្លើង អាគុយ អាំងវែរទ័រ ឈានដល់ផ្ទុះអាវុធខណៈប៉ះទង្គិចគ្នារវាងក្រុមជនប្រព្រិត្តបទល្មើសនេសាទ នឹងកម្លាំងសមត្ថកិច្ច ។

ក្នុងរបាយការណ៍ដដែលឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចចាប់ផ្ដើមពីចំណុចជ្រោយហាលស្លា រហូតដល់ជ្រោយតាកែវ(បឹងទន្លេសាប)ស្ថិតនៅភូមិ/ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។  

ក្នុងរបាយការណ៍បញ្ជាក់ទៀតថា លទ្ធផលបង្រ្កាបបាន១ករណី បទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ឧបករណ៍ប្រភេទខុសច្បាប់រួមផ្សំដោយអំពូលភ្លើង(ឈ្នក់) ទី១-សាច់ឈ្នក់ចំនួន១៤គ្រឿង, ទី២-អាគុយចំនួន០៣គ្រឿង, ទី៣-អាំងវែរទ័រចំនួន០៤គ្រឿង, ទី៤-អំពូលភ្លើងចំនួន០៤អំពូល, ទី៥- ខែ្សភ្លើងប្រវែង៨០ម៉ែត្រ, ទី៦ ខ្សែរួមផ្សំប្រវែង៨០០ម៉ែត្រ និងទី៧-បង្គោលចំនួន១៦ដើម ស្មើនឹងចំនួន០៨កន្លែង វត្ថុតាងសមត្ថកិច្ចយកទៅបន្តនីតិវិធី ។ 

របាយការណ៍បញ្ជាក់បន្ថែមបន្តទៀតថា ក្នុងការបំពេញបេសកកម្មខាងលើ មានជនសង្ស័យ១ក្រុមមធ្យោបាយដោយកាណូតច្រើនគ្រឿងនាំគ្នាមករារាំងសមត្ថកិច្ច និងបើកកាណូតបុកកាណូតកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ជា សោភ័ណ្ឌ ខណៈនោះកម្លាំងកងរាជអាវុធហត្ថបានបាញ់មេឃចំនួន០២គ្រាប់ដើម្បីបង្អើល ក្នុងនោះកម្លាំងសហការសន្យានឹងបន្តបង្រ្កាបទៀត៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖