ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកបណ្ដាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយជនជាតិបរទេសម្នាក់ បេីកទាំងបំពានភ្លើងស្តុបបានជ្រុលទៅបុករថយន្ត Toyota Prius ដែលបើកឆ្លងភ្លើងស្តុបដូចគ្នាចំពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡេីងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបបេកាសេ ស្ថិតនៅលើផ្លូវព្រះមុនីវង្សកែងផ្លូវ១១៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BI-3306 បើកបរដោយបុរសម្នាក់ដឹកនារីម្នាក់ទៀតជាជនជាតិបរទេសធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងឆ្លងភ្លើងស្តុបផ្លូវបំបែកជាបួន ខណៈពេលបើកដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក PORSCHE  ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8760 បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរចេញពីផ្លូវលេខ១១៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន បើកឆ្លងផ្លូវទាំងបំពានភ្លើងស្តុបពណ៌ក្រហម  ក៏ជ្រុលទៅបុកចំពីមុខចំហៀងខាងស្តាំនៃរថយន្ត Toyota Prius យ៉ាងពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងទៅបុកបង្គោលភ្លើងស្លាកសញ្ញាភ្លើងស្ដុបទៀតបណ្តាលឲ្យនារីជាជនជាតិចិនម្នាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកជនជាតិចិនបើករថយន្តបង្កបានបើកទ្វារដើរចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ 

ក្រោយកើតហេតុភ្លាមៗ ក្នុងករណីនេះដោយសមត្ថកិច្ចក្រមកពេកមានជនមួយចំនួនបាននាំជនជាតិបរទេសដែលបើកបររថយន្ត ម៉ាកPORSCHEខាងលេីចេញ ហេីយឱ្យសម្រួលជាមួយខាងរថយន្តរងគ្រោះបញ្ចប់រឿងនៅកន្លែងកេីតហេតុភ្លាមៗដោយសងថ្លៃការខូចខាតទាំងស្រុង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖