ភ្នំពេញ៖ ឪពុក កូនពីរនាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសាររថយន្ដឡិចសីុស RX300 មួយគ្រឿង បើកឆ្លងផ្លូវ មិនប្រយ័ត្ន ជ្រុលបុកម៉ូតូ CBR ពេញទំហឹង បណ្ដាលឲ្យបុរសជាឪពុករងរបួសធ្ងន់ និងកូនប្រុសម្នាក់ទៀត រងរបួសស្រាល ហើយរថយន្ដបានព្យាយាមបើកគេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ជួយដេញឃាត់ជាប់ប្រគល់ឲ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលទាំងយប់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែបជាបួន តាមបណ្ដោយមហាវិថីព្រះនរោត្ដម កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរថយន្ដបានព្យាយាមបើកគេចខ្លួនរហូតមកដល់ ខាងលិចផ្សាធំថ្មី តាមបណ្ដោយផ្លូវលេខ ៦៧ ទើបប្រជាពលរដ្ឋដេញតាមឃាត់ជាប់ តែតៃកុងរថយន្ដបានចុះគេចខ្លួនបាត់ដោយទុកតែរថយន្ដនិងអ្នករួមដំណើរម្នាក់នៅនឹងកន្លែង។
បើតាមការរៀបរាប់ពីជនរងគ្រោះត្រូវជាកូន ដែលរងរបួសស្រាល បានអោយដឹងថា នៅមុនពេលកើតហេតុរូបគេ និងឪពុកជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-6744 ជិះតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដ ម៉ាកឡិចសីុស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-6924 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ទិសដៅពីកើតទៅលិច ឆ្លងមហាវិថីព្រះនរោត្ដម ក៏បុកម៉ូតូពេញទំហឹងបណ្ដាលអោយឪពុករបស់គេបោកក្បាលជាមួយកញ្ចក់រថយន្ដរងរបួសធ្ងន់ ចំណែករូបគេផ្លោងឡើងលើដំបូលរថយន្ដ តែរងរបួសស្រាល ។
ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួចរថយន្ដមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបន្ថែមល្បឿនរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ជួយដេញចាប់រហូតមកដល់ខាងលិចផ្សាធំថ្មី ទើបឃាត់រថយន្ដបានតែតៃកុងរថយន្ដបានចុះពីរថយន្ដរត់គេចខ្លួនបាត់ទៅហើយ នៅតែអ្នករួមដំណើរតែប៉ុណ្ណោះ ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដបង្ក និងម៉ូតូ ត្រូវបានភាគីតំណាងទាំងសងខាងសម្របសម្រួលគ្នាអស់រយៈពេលជាច្រើនម៉ោងទើបត្រូវគ្នាដោយភាគីខាងរថយន្ដព្រមសងថ្លៃការខូចខាតនិងព្យាបាលរបួសចំនួន1000$ (មួយពាន់ដូល្លា)ដើម្បីបញ្ចប់រឿងតែម្ដង ៕ ព្រែកជ័យ