ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ក្រីក្រ៧០០គ្រួសារនៅតំបន់ខ្លះក្នុងក្រុង សិរីសោភ័ណនិងស្រុកស្វាយចេកខេត្ត បន្ទាយមានជ័យដែលទទួលរងគ្រោះធម្មជាតិភាពរាំងស្ងួតកាលពីកន្លងមកបានទទួលអំណោយអង្កររបស់រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួង មន្ទីរកសិកម្មកាលពី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែលជាចំណែកមួយដើម្បីជួយទ្រទ្រង់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យរួមនឹងមន្ត្រីពាក់ព័ន្ធបានចុះចែក អំណោយនេះរៀបចំ ធ្វើឡើងនៅក្នុងបរិ វេណវត្តម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋដែលមកទទួលអំណោយ នេះមាន៣៥០គ្រួសារមកពីឃុំតាបែន ឃុំស្លក្រាម ស្រុកស្វាយចេក និង៣៥០ គ្រួសារ ទៀតមកពីសង្កាត់ម្កាក់ក្រុងសិរីសោភ័ណ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករចំនួន៥០គីឡូក្រាម។
មានប្រសាសន៍នៅក្នុងពិធីចែកអំណោយនេះលោកលីសារីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុនដែល បានជួយឧបត្ថម្ភជាអង្ករសម្រាប់ចែកជូន ដល់ប្រជាពលរដ្ឋយើងដែលបានជួបប្រទះនូវគ្រោះធម្មជាតិរាំងស្ងួតកន្លងមក។
លោកក៏បានធ្វើការក្រើនរម្លឹកដល់ អាជ្ញាធរដែនដីត្រូវតែសហការជាមួយ ប្រជាពលរដ្ឋយើងដើម្បីដោះស្រាយរាល់ បញ្ហាប្រឈមដែលនៅតាមបណ្តាមូលដ្ឋានមួយចំនួនកំពុងជួបប្រទះនោះគឺដំណាំស្រូវ វស្សាកំពុងជួបបញ្ហាខ្វះទឹកហើយគិតមកត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នេះ ស្រូវវស្សាប្រមាណជាង៥.០០០ហិកតា នៅក្នុងស្រុកមង្គលបុរី,អូរជ្រៅ,ក្រុងសិរីសោភ័ណ,ព្រះនេត្រព្រះត្រូវបានក្រសួង មន្ទីរធនធានទឹកកំពុងតែចុះអន្តរាគមន៍ បូម ទឹកជួយសង្គ្រោះទាំងយប់ទាំងថ្ងៃ។
ក្នុងឱកាសនោះដែរលោក លី សារី បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពត្រូវធ្វើ អនាម័យក្នុងការរស់នៅប្រចាំថ្ងៃគឺរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងត្រូវបន្តការ ចូលរួមទាំងអស់គ្នាក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពកាន់ តែមានប្រសិទ្ធភាព៕សហការី