ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាងយីហោ រតនៈរចនាម៉ូដ វាយអ្នករត់ម៉ូតូកង់៣ វ័យចំណាស់ម្នាក់បាក់ដៃឆ្វេងគ្រាន់តែឈប់រង់ចាំឌុបម៉ូយ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូកង់៣ ត្រូវបានបុរសម្ចាស់ហាងយីហោ (រតនៈរចនាម៉ូដ) វាយដំបណ្តាលឲ្យបាក់ដៃឆ្វេង ដោយគ្រាន់តែជនរងគ្រោះ អ្នករត់ម៉ូតូកង់៣នោះ ឈប់ចតនៅមុខផ្ទះដើម្បីរងចាំឌុបម៉ូយ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះជនបង្ក តាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះអ្នករត់ម៉ូតូកង់៣នោះ បានមកឈប់ចតមុខផ្ទះជនបង្កហាងរតនៈរចនាម៉ូដ ដើម្បីរង់ចាំឌុបម៉ូយ ដោយជនរងគ្រោះគិតថា យប់ស្មើណេះហើយ វាមិនស្អីទេ ។ ស្រាប់តែជនរងគ្រោះគាត់ឈប់បានតែបន្តិច ក៏មានបុរសម្នាក់បើករថយន្ត១គ្រឿង មិនស្គាល់ម៉ាកមកដល់ ហើយចុះពីលើរថយន្តដើរទៅប្រាប់ឲ្យជនរងគ្រោះយកម៉ូតូកង់៣ចេញពីមុខផ្ទះភ្លាម  ។

ប្រភពដដែលបន្តថា ជនរងគ្រោះហៀបនឹងបណ្តើរម៉ូតូចេញ ហើយបណ្តើរមិនបានប៉ុន្មានផង ស្រាប់តែបុរសម្ចាស់ផ្ទះនោះបានបើកទ្វារផ្ទះរបស់ខ្លួនរួចយកឈើជ្រុងវាយមកលើជនរងគ្រោះបណ្តាលឲ្យបាក់ដៃឆ្វេង ។

ប្រភពដដែលបន្តឲ្យដឹងទៀតថា ក្រោយបង្កហិង្សាបណ្តាលឲ្យជនរងគ្រោះបាក់ដៃឆ្វេងហើយនោះ ជនបង្កក៏បានឡើងបើករថយន្តចេញទៅបាត់ ។ ចំណែកជនរងគ្រោះដេកដួលឈឺចាប់របួសតែម្នាក់ឯង ដោយឃើញអាការៈបែបនេះ អ្នកជិតខាង ក៏ហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ មួយសន្ទុះក្រោយក៏ឃើញមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ តែជនបង្កបានបើករថយន្តទៅបាត់ហើយដែរ ៕តាឡឹម

 

IMG_8160 IMG_8157 IMG_8161
សូមអានបន្ត ៖ កុំទុកចិត្តទៅលើសត្វពេក វាអាចវៃប្រហារមកលើយើងបានគ្រប់ពេល


ចែករំលែក៖