ព័ត៌មានទាន់ហេតុការណ៍៖

លួចកាត់សោរត់ចេញពីផ្ទះរួចហៅម៉ូតូឌុបជិះយកទៅកាប់នឹងពូថៅ ខឹងរឿងគំនុំកាលពី៣០ឆ្នាំមុន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសមានសតិមិនប្រក្រតីម្នាក់ បានលួចកាត់សោហើយរត់ចេញពីផ្ទះ ហៅម៉ូតូឌុបទៅកាន់ចម្ការស្វាយ រួចធ្វើសកម្មភាពដកពូថៅចេញកាប់ប្រហារទៅលើអ្នករត់ម៉ូតូឌុប បណ្តាលឲ្យរងរបួស ពីព្រោះខឹងរឿងគំនុំកាលពី៣០ឆ្នាំ ដែលបុរសរត់ម៉ូតូឌុបរូបនេះ បានសម្លាប់ឪពុកម្តាយរបស់ជនសង្ស័យ ។

ករណីនេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចចំការស្វាយ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះយិន ហ៊ន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត ភូមិព្រេង ឃុំមោងរាវ ស្រុកត្បូងឃ្មុំ កំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

រីឯជនសង្ស័យឈ្មោះឈាន ឆុន ភេទប្រុស អាយុ ៥៣ឆ្នាំ  មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តណ្ដាល  ។ វត្ថុតាងដកហូត: ពូថៅ ដងឈើប្រវែង ៤០cm ចំនួន១ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុម៉ោងប្រហែល ៧និង២០នាទីព្រឹក ជនសង្ស័យបានហៅជនរងគ្រោះឲ្យឌុបខ្លួន ពីមុខវត្តព្រែកហូរទៅក្រុមហ៊ុនហេង អភិវឌ្ឍន៍ ដោយឲ្យតម្លៃ៣០០០រៀល ។ ពេលទៅដល់គោលដៅ ជនសង្ស័យមិនចុះពីម៉ូតូនោះទេ គឺបានឲ្យជនរងគ្រោះបន្តដឹកទៅស្ពានដែក ជាប់ព្រំប្រទល់ព្រែកហូរ ។ លុះទៅដល់ទីនោះ ជនសង្ស័យនៅតែមិនព្រមចុះទៀត ដោយប្រាប់ឲ្យជនរងគ្រោះ បន្តដំណើរមកផ្លូវ៦០ម៉ែត្រវិញ និងបានប្រាប់ជនរងគ្រោះថា ទៅចំការស្វាយរបស់គាត់ លុះទៅដល់ចំណុចចំការស្វាយ ជនសង្ស័យបានសួរជនរងគ្រោះម្តងទៀតថា យកថ្លៃប៉ុន្មាន ជនរងគ្រោះក៏ប្រាប់ថា ៣០០០រៀល។ ពេលនោះជនសង្ស័យបានដើរជុំវិញម៉ូតូហើយបានយកដៃស៊កក្នុងអាវ ហើយទាញពូថៅពីក្នុងអាវ កាប់ទៅលើក្បាលជនរងគ្រោះពីក្រោយ ចំនួន២ពូថៅ បណ្តាល ឲ្យរងបួសរយ:ក្បាល ផ្នែកខាងក្រោយ ហូរឈាម ។ ភ្លាមនោះជនរងគ្ រោះបានរត់ចោលម៉ូតូ និងស្រែកឲ្យគេជួយ តែមិនមានអ្នកជួយទេ ទើបជនរងគ្រោះ ត្រឡប់មកវិញ យកបានមែកស្វាយ វាយដៃជនសង្ស័យ ដែលកាន់ពូថៅធ្លាក់ពូថៅពីដៃ ហើយបានរើសយកពូថៅ ជិះម៉ូតូមកប្តឹងសមត្ថកិច្ចតែម្ដង ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងបានចុះអន្តរាគមន៍ឃាត់ខ្លនជនសង្ស័យនៅចំណុចកើតហេតុ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី ចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនិយាយមិនដឹងខុសត្រូវឡើយ  (មានសតិមិនប្រក្រតី) ដោយគាត់បានឆ្លើយថា បានជាគាត់កាប់ទៅលើជនរងគ្រោះ ដោយសារតែជនរងគ្រោះ បានសម្លាប់ឪពុកម្តាយខ្លួនតាំងពី៣០ឆ្នាំមុននៅឯខេត្តស្វាយរៀង តែតាមការពិត ឪពុកម្តាយគាត់នៅរស់នៅឡើយ នៅភូមិព្រែកហូរកើត ជាមួយរូបគេដែរ ហើយក៏ពុំធ្លាប់មានរឿងអ្វីជាមួយជនរងគ្រោះពីមុនមកដែរ ។ តាមការសាកសួរ ក្រុមគ្រួសាររបស់ជនសង្ស័យបានបំភ្លឺប្រាប់សមត្ថកិច្ចថា ពីមុនមក ជនសង្ស័យ ជាមនុស្សផឹកស្រាជាប្រចាំ តែមិនដែលមានបញ្ហាអ្វីទេ ទើបតែប្រហែល១ខែនេះទេ គាត់(ជនសង្ស័យ)មានសតិ មិនប្រក្រតី ចេះតែជេរគេឯងនៅក្នុងផ្ទះ និយាយតែម្នាក់ឯង ជុះលាមកក្នុងខោ និងពេលខ្លះដើរស្រាតទៀតផង ។ ដោយហេតុនេះហើយ ទើបក្រុមគ្រួសារចាក់សោឲ្យនៅតែក្នុងផ្ទះ លុះដល់ថ្ងៃកើតហេតុ ត្រូវគេលួចកាត់សោទ្វាររត់ចេញពីផ្ទះ ក៏មានករណីកើតឡើងដូចខាងលើតែម្តង ៕ ថាច់ យ៉ាត

 

3 1 2

 


ចែករំលែក៖