ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងបន្ថែមថា ចំពោះមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាល និងខណ្ឌត្រូវធ្វើយ៉ាងណាគ្រប់គ្រងទិន្នន័យព័ត៌មានក្នុងមូលដ្ឋានអំពីចំនួនទីតាំងភោជនីយដ្ឋាន ក្លឹបខារ៉ាអូខេ និង ក្លឹបកម្សាន្តនានាក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនៅពេលមានហេតុការណ៍កើតឡើង យើងអាចកំណត់មុខសញ្ញានិងកំណត់គោលដៅបានឆាប់រហ័ស ។
ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោមក៏បានជម្រុញឲ្យមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាល មន្ត្រីសង្កាត់ និងខណ្ឌត្រូវធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងកិច្ចសហការល្អជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ផ្តល់ព័ត៌មានអំពីសកម្មភាពដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ ពួកគាត់ ដោយយើងបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យក្លាយជាភ្ញាក់ងាររបស់កម្លាំងនគរបាលពោលគឺ ប្រជាពលរដ្ឋម្នាក់ នគរបាលម្នាក់ ។ នេះគឺជាប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីអបអរសាទរដំណើរទស្សនកិច្ចដើម្បីស្វែងយល់ពីដំណើរ ការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់សម្តេចកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០ ១៦ នៅសាលប្រជុំសាលាខណ្ឌដង្កោ ។
ក្នុងនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹកបន្ថែមបញ្ហាទប់ស្កាត់គ្រឿងញៀនក្នុងភូមិសាស្ត្រ ដោយសម្តេចបានជម្រុញ ឲ្យមន្ត្រីមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀនឲ្យមានប្រ សិទិ្ធភាពខ្ពស់ ដែលគ្រឿងញៀនកំពុងរាតត្បាតទោះបីជាសមត្ថកិច្ចយើងធ្លាប់បានបង្ក្រាបជាច្រើនដងក៏ដោយ ។
ដោយឡែកអធិការនគរបាលខណ្ឌដង្កោលោកវរសេនីយ៍ឯក ជឹម ស៊ីថា បានធ្វើរបាយការណ៍គិតពីខែមករាឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៦ សភាពការណ៍បទល្មើសព្រហ្មទណ្ឌកើតឡើង២៤លើក/៤១លើក ថយចុះ៥៩ភាគរយ ស្លាប់១នាក់ ប្រុសរបួស៥នាក់ ស្រី១ នាក់ ។ បទល្មើសឧក្រិដ្ឋកើតឡើង៤លើក/១០លើក ថយចុះ៤០ភាគរយ លួចមានស្ថានទម្ងន់ទោសកើតឡើង២លើក/៣លើក ។ ក្នុងនោះការងារបង្រ្កាបគ្រឿងញៀនបាន២៨ករណី ឃាត់ខ្លួនមនុស្ស៦២នាក់ ស្រី៣នាក់។ ករណីជួញដូរបង្ក្រាបបាន៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ ដកហូតវត្ថុតាងក្រាមពណ៌សថ្លា៤កញ្ចប់តូច ម៉ូតូ៤គ្រឿង និងទូរស័ព្ទដៃ៤គ្រឿង ។
ករណីប្រើប្រាស់គ្រឿងញៀនបង្ក្រាបបានជាក់ស្តែង២៥ករណី ឃាត់ខ្លួនមនុស្ស៥៧នាក់ ស្រី៣នាក់ និងដកហូតវត្ថុតាងក្រាមសថ្លា៤៤កញ្ចប់តូច ម៉ូតូ២០គ្រឿង ទូរស័ព្ទដៃ១២គ្រឿង និងសម្ភារៈប្រើប្រាស់១ចំនួន៕ តាឡឹម