ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តវិធានការណ៍ចុះបង្ក្រាបទីតាំង Internet ២៤ ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និង Live Casino

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែយល់ឃើញថា ល្បែងភ្នាល់បាល់ និង Live Casino គឺជាល្បែងខុសច្បាប់ ដែលត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ដាច់ខាត  ដូច្នេះដើម្បីទប់ស្កាត់រាល់បញ្ហាទាំងនេះ អាជ្ញាធរខណ្ឌសែនសុខបានបន្តចាត់វិធានការចុះបង្ក្រាប ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន មិនឲ្យកើតមានជាដាច់ខាត នេះបើយោងតាមការលើកឡើងពីលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ ។

នេះជាលើកទី ៣ហើយ ដែលអាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំង Internet បង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino ខណៈដែល ២លើក រួចមកហើយ អាជ្ញាធរបានចុះបង្ក្រាប ៣ទីតាំង ដកហូត កុំព្យូទ័រជាច្រើនគ្រឿង រួមទាំងថវិកា និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត នាំយកទៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។

ជាក់ស្តែងកាលវេលាម៉ោង១០ និង០០នាទី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ អាជ្ញាធរខណ្ឌសែនសុខ បានចុះបង្ក្រាប ល្បែងអនឡាញ ចំនួន ១ ទីតាំង ដែលបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino  ដកហូតបាន Monitor ចំនួន ១០គ្រឿង CPU ចំនួន ១០គ្រឿង និងទូរមេ ចំនួន ១គ្រឿង សរុបទាំងអស់ ចំនួន ១១គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ទីតាំង Internet  ដែលត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបនេះ (យីហោ )  ភក្តី ណេត ២៨៨ ផ្ទះលេខ០១A  ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ដែលមានអ្នកគ្រប់គ្រងឈ្មោះ សាន ភក្តី ភេទប្រុស ។ ចំពោះការចុះបង្ក្រាបទីតាំង Internet  មួយនេះ បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យឃើញថា ពុំមានច្បាប់អនុញ្ញាតិ ព្រមទាំងលួចបើកល្បែកស៊ីសង អនឡាញ ភ្នាល់បាល់ និង Live Casino ។

លោក សាំង សុភៈវិចិត្រ ប្រាប់ឲ្យដឹងថា ល្បែង ភ្នាល់បាល់ និង Live Casino នេះត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ទាំងស្រុង មិនឲ្យបើកលេងនោះទេ ដូច្នេះដើម្បីរក្សាបាននូវគោលនយោបាយទាំងនេះ លោកនឹងបន្តចុះបង្ក្រាបបន្តទៀត ប្រសិនបើរកឃើញលួចបើកនៅក្នុងមូលដ្ឋានរបស់លោក ។

ពាក់ព័ន្ធ និងការ Live Casino នេះលោកអភិបាលរងខណ្ឌសែនសុខ ក៏បានសំណូមពរទៅដល់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សូមមេត្តាជួយពិនិត្យមើលផង ខណៈដែលប្រទេសមួយចំនួន ត្រូវបានបិទទាំងស្រុង នៃ ការ Live Casino នេះ ។

ជាមួយគ្នានេះលោក សាំង សុភៈវិចិត្រ ក៍បានបញ្ជាក់អោយដឹងថា ការ Live Casino នេះ គឺ ភាគច្រើន Live  ចេញពី Casino នៅក្រុងបាវិត ខេត្តស្វាយរៀង និង Live ចេញពី Casino នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

គួររំលឹកអោយដឹងថា ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលខណ្ឌរងខណ្ឌសែនសុខ ក៍បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង Internet លួចបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino នៅចំណុចផ្ទះលេខ៥៦ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទីតាំង Internet នេះ មាន (យីហោ) PHANA II NET ជាលទ្ធផល សមត្ថកិច្ចដកហូតបាន សម្ភារៈមួយចំនួន រួមមាន LCD ( ទូរទស្សន៍ ទំហំ ១៤អ៊ីង ) ចំនួន ២៥គ្រឿង CPU ចំនួន ២៥គ្រឿង លុយខ្មែរ ចំនួន ២,៥០០,០០០រៀល ( ២លាន៥សែនរៀល ) និងលុយដុល្លារ ចំនួន ២១៤៤ដុល្លារ ដែលមានតំណាងម្ចាស់ឈ្មោះ សុខ ហៃ ។

ដោយឡែកកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ ក៏បានចុះបង្ក្រាប ទីតាំង Internet  ចំនួន ២ ទីតាំង ផងដែរ នៅក្នុងភូមិសាស្ត្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសារលួចបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino ។

ប្រតិបត្តិការណ៍នេះដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ។

នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបង្ក្រាបចំនួន ពីរទីតាំង ទី១ ចំណុចផ្ទះលេខ ៣៦ ផ្លូវលេខ១០១៩ ភូមិរោងចក្រ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ( យីហោ ) FC 68 Net ដកហូត CPU ចំនួន ១០គ្រឿង Moniter ចំនួន ១២គ្រឿង ម៉ាស៊ីនព្រីន បុងបាល់ ចំនួន ១គ្រឿង លុយខ្មែរ ចំនួន ៤២០៦០០រៀល និងលុយដុល្លារ ចំនួន ២៥៧ដុល្លារ ដែលមានតំណាងម្ចាស់ទីតាំង ឈ្មោះ សែម សីហា ។ ចំណែកទីតាំងទី២ នៅចំណុចផ្ទះលេខ C3 ផ្លូវលេខ១៩៨៦ ភូមិរោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ( យីហោ ) All day Internet ដកហូត CPU ចំនួន ១៦គ្រឿង និង Moniter ចំនួន ១៦គ្រឿង ដែលមានតំណាងម្ចាស់ទីតាំង ឈ្មោះ ខុម កញ្ញា  ដែលការបង្ក្រាបទីតាំង Internet ទាំងពីរកន្លែងនេះ ដោយសារតែគ្មានលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ និងជាពិសេសមានដោយសារលួចបង្កប់ល្បែងស៊ីសង ភ្នាល់បាល់ និង Live Casino ទើបអាជ្ញាធរខណ្ឌចុះបង្ក្រាបនាំយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕  តុង សីហា

sensok (4) sensok (3) sensok (2) sensok (1) sensok sensok (5)

សូមអានបន្ត ៖លោកព្រះរាជអាជ្ញាដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៧នាក់


ចែករំលែក៖