ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យនៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។
ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។
សូមបញ្ជាក់ថា ត្រីរាជ១ក្បាលនេះ ធ្លាប់ត្រូវបានក្រុមការងារលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ កាលពីពេលកន្លងទៅរួចហើយ ដោយសារត្រីនេះមានស្លាកស្មាមបំពាក់ស្លាកសញ្ញាសម្គាល់ ប៉ុន្តែស្លាកសញ្ញាសំគាល់នោះបានរបូតចេញពីខ្លួនត្រីបាត់៕
ដោយ៖ តារា