ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី១០នាក់ឆ្លងដែនមកស្នាក់នៅខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅស្រុកកំណើតវិញនាវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ។
សមត្ថកិច្ចច្រកទ្វារអន្តរជាតិបញ្ជាក់ថាៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជន លីណា ឋានៈនាយរងផ្នែក ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១០នាក់ ស្រី ០១នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ (គ្មានលិខិតឆ្លងដែន) និងធ្វើការងារខុសច្បាប់ ។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៣ឆ្នាំចំនួន ០២នាក់ និង០៥ឆ្នាំចំនួន០៨នាក់ ស្រី០១នាក់ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១និង៤៥នាទី នាព្រឹកថ្ងៃដដែល ៕
ដោយ ៖ វណ្ណា