ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចស្រុកអន្លង់វែងសហការជាមួយកម្លាំងមន្ត្រីបរិស្ថាន បានឃាត់ខ្លួនបុរស២នាក់ពីបទដាក់អន្ទាក់ និងដាក់ខ្សែលួសឆក់យកសត្វ ព្រៃបណ្តាលឲ្យសត្វទន្សោង១ក្បាលងាប់។ ហេតុការណ៍ នេះ ចាប់ឃាត់ខ្លួននេះកើតឡើងនៅក្នុងដីចម្ការក្រូចមួយកន្លែង មានម្ចាស់ឈ្មោះផែន ស្ថិតក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ។
កម្លាំងនគរបាលដែលចុះប្រតិបត្តិការផ្ទាល់បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនម្នាក់ឈ្មោះតូ ដា ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះបូ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់នេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រជាពលរដ្ឋម្នាក់បានសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបថា សត្វព្រៃគ្រប់ប្រភេទកំពុងតែកើតមានហានិភ័យក៏ព្រោះតែក្រុមព្រានបរបាញ់សត្វព្រៃយកសាច់ទៅលក់នៅលើទីផ្សារ និងនៅតាមអាហារដ្ឋាននានាក្នុងស្រុកជារៀងរាល់ថ្ងៃមិនដែលដាច់ ។ ក្រុមអ្នកប្រមាញ់សត្វទាំង នេះអាចធ្វើទៅបាន ដោយសារតែមានការឃុបឃឹតគ្នារវាងក្រុមព្រាននិងសមត្ថកិច្ចមួយចំនួនតូចផងដែរ ទើបកើតមានរឿងរ៉ាវបែបនេះ ។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោកភួង លីណានៅព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៤នេះបានឲ្យដឹងថា កំលាំងបរិស្ថានតែងតែធ្វើការដើរល្បាតព្រៃ និងធ្វើការស៊ើបអង្កេតពួកក្រុមព្រានបរបាញ់សត្វជាប្រចាំផងដែរ ខណៈនោះនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កំលាំងបរិស្ថានបានជួបប្រទះឃើញក្រុមព្រានចំនួន២នាក់ កំពុងតែពន្លះយកសាច់ទន្សោងភ្លាមៗនោះ កំលាំងបានធ្វើការបង្ក្រាបដោយឃាត់ខ្លួទាំង២នាក់ រួមទាំងវត្ថុតាងម៉ូតូចំនួន២គ្រឿង ត្រាក់ទ័រចំនួន១គ្រឿង គោយន្តកន្ទ្រៃចំនួន១គ្រឿង និងអន្ទាក់ខ្សែលួសសម្រាប់ដាក់ និងឆក់ដោយប្រើប្រាសប្រព័ន្ធឆក់ចរន្តភ្លើងចអាគុយ។
លោកប្រធានមន្ទីរបន្តថា ជនសង្ស័យទាំងពីនាក់នេះកំពុងធ្វើការសាកសួរចម្លើយនៅក្នុងមន្ទីរបរិស្ថានដើម្បីវែករកមុខក្រុមព្រានបន្តទៀត ។ ក្រោយធ្វើការសាកសួរចម្លើយរួច ត្រូវបានកសាងសំណុំរឿងជនសង្ស័យទាំង២នាក់ចាត់ការទៅតាមនីតិវិធីច្បាប់តាមផ្លូវតុលាការ៕
ដោយ៖ សូរិយា