ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋ អាមេរិក ខណៈទទួលជួប លោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីព្រះរាជសារ និងសារលិខិតអបអរសាទរ របស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើជូនប្រធានាធិបតី ជាប់ឆ្នោត លោក Donald J. Trump ដែលការណ៍នេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទស្សនកិច្ចថ្មីៗមក កម្ពុជារបស់ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោកស្រី Samantha Power នាយិកា នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Walker បានសាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងយោធានិងយោធា និងការបន្តកិច្ចសន្ទនាគោលនយោបាយការពារជាតិសហរដ្ឋអាមេរិក-កម្ពុជា។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពឱ្យមាន សកម្មភាពរួមមួយចំនួន ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក នៅ ឆ្នាំក្រោយ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់អាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនវត្ថុបុរាណខ្មែរជាង១៥០ ត្រឡប់មកប្រទេសកម្ពុជា និងសង្ឃឹមថា វត្ថុជាច្រើនទៀតនឹងត្រូវបានកំណត់ទីតាំង និងបញ្ជូនត្រឡប់ មកកម្ពុជាវិញ។
លើវិស័យអប់រំ និងការផ្សារភ្ជាប់ប្រជាជន-ប្រជាជន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តអាហារូបករណ៍ និងការផ្លាស់ប្តូរ ដែលអាចឱ្យនិស្សិតកម្ពុជាជាង ១,០០០ នាក់ បានទៅសិក្សា និងបណ្តុះបណ្តាល នៅសហរដ្ឋអាមេរិក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញនូវការបន្តគាំទ្រ និងកិច្ចសហ ប្រតិបត្តិការពេញលេញរបស់កម្ពុជាសម្រាប់បេសកកម្មមនុស្សធម៌រួមគ្នាក្នុងការរុករកអដ្ឋិធាតុទាហាន អាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។
លើការដោះមីន លោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះ ជំនួយចំនួន១២លានដុល្លារ ដែលផ្តល់តាមរយៈទីភ្នាក់ងារ USAID ក្នុងឆ្នាំ២០២៤ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងដោះមីនរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ការបន្តកិច្ចសហ- ប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យនេះ នឹងពន្លឿនការសម្រេចគោលដៅរបស់កម្ពុជាជាប្រទេស គ្មានមីន។
កិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់កម្ពុជា ក្នុងនាមជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧) ដើម្បីបង្កើន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋ អាមេរិក៕
ដោយ៖ តារា