ខេត្តបន្ទាយមានជ័យ:ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីលួចស្ថានទម្ងន់ទោស(គាស់ហាងលួចទ្រព្យសម្បត្តិ) បង្កឡើងដោយជនសង្ស័យ ចំនួន០១នាក់(ពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព)បានធ្វើសកម្មភាពចូលគាស់ហាងប្ដូរប្រាក់មួយកន្លែងមានទីតាំងនៅភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចលួចយកប្រាក់ថៃចំនួន១០,០០០បាត(មួយម៉ឺនបាត) និងទូរសព្ទដៃចំនួន០៥គ្រឿង។
ក្រោយទទួលបណ្ដឹងរួចលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែដើមបណ្ដឹងនិងជនជាតិឥណ្ឌូនេស៊ី បាននាំខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ កា រ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដដង ដោយនៅលើដងខ្លួនមានស្នាមរបួសជាំ បែកក្បាល របួសត្រង់ស្មងជើងខាងឆ្វេង និងភ្នែកខាងស្តាំហើមជាំ។ ក្រោយកម្លាំងជំនាញទទួលជនសង្ស័យ នឹងបានឱ្យមន្រ្ដីពេទ្យពិនិត្យ និងព្យាបាលបឋម បន្ទាប់មកមន្រ្តីជំនាញបានសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរា
ជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពគាស់ហាងរបស់ជនរងគ្រោះ លួចទ្រព្យសម្បត្តិពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងតាមរូបភាពវីដេអូកាំមេរ៉ាសុវត្ថិភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច