ព័ត៌មានទាន់ហេតុការណ៍៖

ភាពរញ៉េរញ៉ៃបង្កភាពអនាធិបតេយ្យពីសំណាក់ក្រុមអ្នកបើករថយន្តតាក់ស៊ីចតលើផ្លូវសាធារណៈ ដេញចាប់ម៉ូយនៅខាងមុខច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន រងការរិះគន់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រុមអ្នកបើករថយន្តតាក់ស៊ីគ្មានចំណតត្រឹមត្រូវបានឈប់ចតលើផ្លូវសាធារណៈ ធ្វើសកម្មភាពដេញចាប់ម៉ូយយ៉ាង ប្រសេចប្រសាចនៅខាងមុខច្រកអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលគេមើលឃើញថា បង្កភាពរញ៉េរញ៉ៃអនាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់ នាំឱ្យរងការរិះគន់ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ ចេញចូលប្រទេសកម្ពុជា -ថៃ តាមច្រកអន្តរជាតិព្រំ និងមិនតែប៉ុណ្ណោះបង្កឱ្យប៉ះពាល់សតិអារម្មណ៍ភ្ញៀវទេសចរផងនោះទៀត ខណៈដែលការធ្វើដំណើរចេញចូលពីសំណាក់ភ្ញៀវទេសចរនិងឈ្មួញធុរិកច្ចធំៗពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលព្រឹកគេសង្កេតឃើញក្រុមអ្នកបើករថយន្តតាក់ស៊ីនាំគ្នាមកឈប់ចតយ៉ាងត្រៀបត្រានៅលើផ្លូវសាធារណៈ ខាងមុខច្រកអន្តរជាតិព្រំ ដេញចាប់ម៉ូយឡើងរថយន្តរបស់ខ្លួន បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈជាខ្លាំង ។ ពេលខ្លះគេឃើញក្រុមអ្នករត់តាក់ស៊ីទាញចាប់ម៉ូយរុញច្រានគ្នាចុះឡើង បង្កជាជម្លោះវាយតប់រវាងអ្នកបើករថយន្តតាក់ស៊ីដូចគ្នា នាំឱ្យមានការភ្ញាក់ផ្អើលភ្ញៀវទេសចរ និង ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ក៏មានផងដែរ ។
សូមញ្ជាក់ថា ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ជាច្រកមួយបំរើលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវប្បធម៌ បានផ្តល់សារៈប្រយោជន៍ក្នុងវិស័យសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ។ ប៉ុន្តែសកម្មភាពបង្កឱ្យមានភាពអនាធិបតេយ្យពីសំណាក់ក្រុមអ្នករត់រថយន្ត តាក់ស៊ី ដែលបានធ្វើសកម្មភាបបែបនោះ ត្រូវគេនិយាយថា ជាផ្នែកមួយរងការបាក់មុខមាត់ប៉ះពាល់កិត្តិយសដល់អាជ្ញាធរខេត្តប៉ៃលិន ដែលរងការស្តីបន្ទោសពីពលរដ្ឋមិនបានរៀបចំឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវនោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថា កន្លងមក ក្រុមអ្នកបើករថយន្តតាក់ស៊ី នាំគ្នាចតឈប់នៅលើចំណីផ្លូវខាងមុខផ្សារព្រំ នៅក្បែរច្រកអន្តរជាតិព្រំនោះដែរ មិនសូវបង្ក ភាពរញ៉េរញ៉ៃខ្លាំងនោះទេ ប៉ុន្តែក្រោយពីថៅកែផ្សារព្រំ បានយកចំណីផ្លូវសាធារណៈខាងមុខ ផ្សារព្រំកសាងតូបជួលឱ្យក្រុមអាជីវករសម្រាប់ធ្វើអាជីកម្ម ដែលមានការឯកភាពពីមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាំឱ្យក្រុមអ្នករត់តាក់ស៊ីគ្មានកន្លែងចតរថយន្តបាននាំគ្នាមកឈប់ចតចាប់ម៉ូយ នៅលើផ្លូវសាធារណៈតែម្តង ។
ជុំវិញបញ្ហានេះ លោក កើត សុធា អភិបាលខេត្តប៉ៃលិនបំភ្លឺឱ្យដឹង កាលពីកន្លងទៅនោះថា នៅស្រុកសាលាក្រៅ មិនទាន់មានចំណតរថយន្តដើម្បីឲ្យរថយន្តតាក់ស៊ីឈប់ចតចាប់ម៉ូយនៅឡើយនោះទេ បច្ចុប្បន្នមានតែចំណតចល័ត ។ លោកប្រាប់ទៀតថា អាជ្ញាធរខេត្តកំពុងតែ រកវិធីដោះស្រាយទីតាំងសម្រាប់ឲ្យក្រុមរត់តាក់ស៊ីមានកន្លែងចំណតត្រឹមត្រូវ ៕ សំ វិច្ឆិកា
image_2 image_1 image

សូមអានបន្ត ៖រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកអូរយ៉ាដាវ


ចែករំលែក៖