ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅវេលាម៉ោង១និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងែទី២៦ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបត់ចូលភូមិប៉ក់ពោ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ា ដាវខេត្តរតនគិរី ។

ភ្លាមៗនោះដែរ នគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនអាចចាប់រថយន្តបាននោះទេ ព្រោះពេលយប់ស្ងាត់ បន្ថែមល្បឿនរត់បាត់ស្រមោល ។
បើតាមនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃបានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបុកម៉ូតូ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា មានទិសដៅពីកើតទៅលិច បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ រីឯរថយន្តបន្ថែមល្បឿនរត់គេចបាត់ ។

នគរបាលបានប្រាប់បន្តទៀតថា ជនរងគ្រោះបើកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មានឈ្មោះ សេវ ឌី ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិចារ៉ាយ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ។

សូមបញ្ជាក់ថា បច្ចុប្បន្ននគរបាលជំនាញកំពុងស្រាវជ្រាវរករថយន្តបង្កហេតុ យកមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕ វុទ្ធឦសាន

2 1 6


ចែករំលែក៖