ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ជា វណ្ណី ៖ ការស្វែងយល់អំពីប្រពៃណី ទំនៀមទម្លាប់ទៅវិញទៅមក រវាងកម្ពុជានិងចិនគឺជាកត្តាចាំបាច់ ក្នុងនាមមិត្តដែកថែប

ចែករំលែក៖

ភ្នំពេញ ៖ ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ជា វណ្ណី បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៤ ខែធ្នូនេះថា កម្ពុជានិងចិនត្រូវតែស្វែងយល់អំពីប្រពៃណីទំនៀមទម្លាប់គ្នា ទៅវិញទៅមក ក្នុងនាមមិត្តភាពដែកថែប ជាពិសេស ស្របពេលដែលពលរដ្ឋកម្ពុជា ដែលកំពុងមានវត្តមាននៅប្រទេសចិន ត្រូវស្វែងយល់ពីចិន ហើយពលរដ្ឋចិនដែលមានវត្តមាននៅកម្ពុជា ត្រូវតែស្វែងយល់អំពីកម្ពុជា។

បើតាមលោកស្រី វគ្គបណ្តុះបណ្តាលគ្រូស្ម័គ្រចិត្តជនជាតិចិន ឆ្នាំ២០២៤ និង ពិធីអបអរខួប២០ឆ្នាំ នៃគម្រោងគ្រូស្ម័គ្រចិត្តអប់រំភាសាចិនអន្តរជាតិ ទើបត្រូវបានរៀបចំឡើង នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៣ ខែធ្នូ ឆ្នាំ២០២៤។ លោកស្រីក៏បានអញ្ជើញធ្វើជាវាគ្មិន នៅក្នុងកម្មវិធីនោះផងដែរ។

លោកស្រីបណ្ឌិតបានប្រាប់ថា កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើង រៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៤នេះ គឺមានលក្ខណៈពិសេស ដោយសារតែត្រូវនឹងខួប២០ឆ្នាំ នៃគម្រោងគ្រូស្ម័គ្រចិត្តអប់រំភាសាចិនអន្តរជាតិ។ 

«វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ ដើម្បីបំប៉នគរុកោសល្យ ដល់គ្រូជនជាតិចិនប្រមាណ ៣០០នាក់ នៅឆ្នាំ២០២៤នេះ រួមនឹងការចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ធ្វើយ៉ាងដើម្បីឲ្យពួកគាត់បានស្វែងយល់អំពីប្រពៃណីទំនៀមទម្លាប់ នៅក្នុងសង្គមខ្មែរ ដើម្បីការរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ»យ៉ាងណាមិញ លោកស្រីថា សម្រាប់ពលរដ្ឋខ្មែរ ឬ សិស្ស និស្សិតខ្មែរ នៅប្រទេសចិន ក៏ចាំបាច់ត្រូវស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់នៅក្នុងសង្គមចិន ដូចគ្នា។ លោកស្រីបញ្ជាក់ថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ដូច្នេះ ការស្វែងយល់ពីគ្នាទៅវិញទៅមក គឺជាកត្តាដ៏សំខាន់។

«ក្នុងការរស់នៅក្នុងសង្គម ប្រកបដោយគុណតម្លៃ និងភាពចុះសម្រុងគឺជាកត្តាចាំបាច់ និងចម្បងបំផុត គឺត្រូវស្វែងយលើពីប្រពៃណីដើម្បីសម្របខ្លួន ជាពិសេស កម្ពុជាចិនគឺជាមិត្តភាពដែបថែបជាមួយគ្នា ដូច្នេះ កម្ពុជាចិនត្រូវតែស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរស់នៅប្រកបដោយទំនាក់ទំនងល្អ» នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីកត្តាសំខាន់ៗ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន មិនអាចកាត់ផ្ដាច់បានព្រោះតែប្រវត្តិសាស្រ្ត និងលក្ខខណ្ឌធម្មជាតិតភ្ជាប់គ្នា បូមរួមនិងកត្តាអ្នកនយោបាយ ដែលយល់អំពីភូមិសាស្រ្តនយោបាយ និងការចូលរួមរបស់គ្រូបង្រៀនស្ម័គ្រភាសាចិន ដែលធ្វើដំណើរពីប្រទេសចិន មកបង្រៀនភាសាចិន នៅកម្ពុជា។

បើតាមលោកស្រីបណ្ឌិត ជា វណ្ណី កម្មវិធីនៅពេលនោះ ក៏មានការញ្ជើញចូលរួមពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំង មន្ត្រីពាក់ព័ន្ធ និង ភ្ញៀវកិត្តិយស ជាច្រើនរូបផ្សេងទៀត ផងដែរ៕

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖