ព័ត៌មានទាន់ហេតុការណ៍៖

រកស៊ីផ្លូវភេទមិនសូវកាក់កប ធ្វើចោរលួចកាបូបម្តងជាប់អន្ទាក់នគរបាល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបដាក់ប្រាក់របស់ជនរងគ្រោះ បានសម្រេចហើយ តែរត់មិនរួច កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៧០ កែងផ្លូវរថភ្លើង ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមានឈ្មោះឈឿន ដេវីដ ភេទប្រុស អាយុ ៣៤ឆ្នាំ ។ រីឯស្ត្រីសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះស្រី វិន អាយុ៣២ឆ្នាំ ទី២-ឈ្មោះវៀង ធីសឹង អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅនិងកន្លែងកើតហេតុ។ដោយឡែកស្ត្រីសង្ស័យ ជាបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួនឈ្មោះឈ្មោះតឿ អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះឌី ណា អាយុ២៩ឆ្នាំ ។

មន្រី្តនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា មុនឈានទៅឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទទាំងនេះគឺនៅខណៈដែល ជនរងគ្រោះជាបុរសម្នាក់ បានជិះម៉ូតូ១គ្រឿងមកឈប់នៅចំណុចកើតហេតុខាងលើដែលជាគោលដៅរបស់ ស្ត្រីរកស៊ីផ្លូវភេទឈរហៅម៉ូយក្នុងបំណងនិយាយតថ្លៃគ្នាដើម្បីនាំទៅដេកនៅផ្ទះសំណាក់ ។ គ្រាដែលជនរង គ្រោះពុំទាន់និយាយតថ្លៃគ្នាត្រូវរ៉ូវផង ស្រាប់តែត្រូវស្ត្រីរកស៊ីផ្លូវភេទមានបក្ខពួក៤នាក់ បានស្ទាក់ម៉ូតូមិនឲ្យជិះទៅមុខ និងខ្លះទៀតជាន់ហ្វ្រាំងម៉ូតូជាប់ហើយក៏ធ្វើសកម្មភាពលូកហោប៉ាវយក កាបូបលុយ ដែលមានប្រាក់១៦០ដុល្លារ របស់ជនរងគ្រោះហើយក៏រត់គេចខ្លួនបាត់២នាក់។ចំណែក២នាក់ទៀតរត់មិន រួច ត្រូវបានជនរងគ្រោះស្រែកផ្អើលឆោឡោស្របពេល នឹងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ  ដែលកំពុងយាមល្បាតនៅក្បែរនោះឃើញទាន់ក៏មកជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនបក្ខពួកស្ត្រីរកសីុផ្លូវភេទបានចំនួន២នាក់តែម្ដង។

ប្រភពពដដែលបានឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទពីរនាក់នេះសមត្ថកិច្ចយើងបានដកហូតកាបូបលុយជូនជនរងគ្រោះវិញតែឃើញនៅសល់លុយត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ។

បច្ចុប្បន្ន ស្ត្រីត្រូវជាប់សង្ស័យទាំង២នាក់ ត្រូវបានបន្តឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនិតិវិធី និងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន ស្ត្រីជាបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសផងដែរ ៕ អរុណរះ

 

666 555

 


ចែករំលែក៖