ខេត្តកណ្តាលៈ អតីតទណ្ឌិតម្នាក់នៅស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនល្មើស ស្ថិតក្នុងភូមិព្រៃគោល ឃុំលំហាច ស្រុកអង្គស្នួល រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់តូច, ដាវកែច្នៃចំនួន០១ដើម, សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសឈ្មោះ សំ ប៊ុនធឿ ហៅឡុច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើនេះ ។ ជនល្មើសរូបនេះធ្លាប់ជាប់ពន្ធនាគារចំនួន៣លើករួចមកហើយ លើកទី១-ជាប់ពន្ធនាគារខេត្តកណ្តាលក្នុងអំឡុងឆ្នាំ២០០៥ រយៈពេល៧ខែ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លើកទី២-ជាប់ពន្ធនាគារខេត្តកណ្តាល ក្នុងអំឡុងឆ្នាំ២០០៩ រយៈពេល៣ឆ្នាំ ពីបទសមគំនិតក្នុងអំពើប្លន់ និងលើកទី៣-ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ២០១៤ រយៈពេល២ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីប្រើប្រាស់ ។
ប្រភពដដែលបានបន្តថា ជនល្មើសជាមុខសញ្ញាជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានដែលសមត្ថកិច្ចកំណត់ និងតាមដាន ។ នៅមុនពេលចាប់ខ្លួនសមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសរូបនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ បន្ទាប់ពីទទួលបាន ព័ត៌មានសមត្ថកិច្ចបានចុះទៅចាំឃ្លាំមើលរហូតឈានដល់ឃាត់ខ្លួនជនល្មើស ។ ដោយមានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងចង្អុរបង្ហាញណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល សមត្ថកិច្ចប៉ូលិសស្រុកបានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនល្មើស រឹបអូសវត្ថុតាងពាក់ព័ន្ធខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ