ព័ត៌មានទាន់ហេតុការណ៍៖

សិស្សថ្នាក់ទី១២វិទ្យាល័យសន្ធរម៉ុកជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់មិនដឹងជាមានវិបត្តិអ្វីទេ បានចេញពីផ្ទះដោយប្រាប់ម្តាយថា ទៅញាំុអីជាមួយមិត្តភក្តិ តែបែរជាជិះម៉ូតូមកលោតទឹកពីលើស្ពានជ្រោយចង្វាចាស់ប៉ុនប៉ងសម្លាប់ខ្លួនទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះមានឈ្មោះ ផាត សុវណ្ណមុន្នី ហៅបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាសិស្សវិទ្យាល័យសន្ធរម៉ុកថ្នាក់ទី១២ ទើបតែប្រឡងចប់ មានទីលំនៅផ្ទះលេខ44A ផ្លូវលេខ265 សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាគុប ជ្រុងសេ ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ1BE-0337 ដែលមានម្តាយឈ្មោះ ផាន់ សុវណ្ណា អាយុ៥៤ ឆ្នាំ មានមុខរបរធ្វើការក្នុងកំពង់ផែភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងឡើងទៅលើស្ពានជ្រោយចង្វារក្នុងទឹសដៅពីលិចទៅកើត ។ ពេលមកដល់ជិតពាក់កណ្តាលស្ពានជ្រោយចង្វារ ជនរងគ្រោះបានចុះពីលើម៉ូតូឡើងទៅលើបង្កាន់ដៃស្ពានរួចលោតចុះក្រោមតែម្តងដោយមានពាក់មួកសុវត្ថិភាព ។

បើតាមសំដីរបស់ម្តាយជនរងគ្រោះវិញបានឲ្យដឹងថា នៅរសៀលម៉ោង២និង៣០នាទីរសៀល ថ្ងៃកើតហេតុ កូនប្រុសគាត់បានសុំទៅក្រៅមានកម្មវិធីជាមួយមិត្តភក្តិ ព្រោះទើបតែប្រឡងចប់ ។ លុះរហូតមកដល់ម៉ោងប្រហែល៧យប់កូនប្រុសគាត់បានទូរស័ព្ទមកប្រាប់គាត់ថា អត់ទាន់ត្រឡប់ទៅផ្ទះវិញទេ កំពុងញាំអីជាមួយមិត្តភក្តិ ។ ស្រាប់តែនៅវេលាម៉ោង១០យប់ មានគេទូរស័ព្ទសួរគាត់ថា ត្រូវជាអ្វីនឹងឈ្មោះ ផាត សុវណ្ណមុន្នី ព្រោះឥឡូវនេះ មុន្នីបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនធ្លាក់ចូលក្នុងទឹកទេ ព្រោះគាត់លោតចំកន្លែងគោក ។

ប្រភពដដែលបានបន្តទៀតថា គ្រាន់តែលឺថា កូនប្រុសលោតទឹកសម្លាប់ខ្លួន រូបគាត់ជាម្តាយស្ទើរខ្យល់ចាប់ ហើយក៏ស្ទុះស្ទារធ្វើដំណើរមកកាន់ស្ពានជ្រោយចង្វាភ្លាមៗដែរ ។ រូបគាត់ជាម្តាយនៅតែមិនអស់ចិត្ត មិនដឹងថា កូនប្រុសមានវិបត្តិអ្វីទេ បានជាដល់ថ្នាក់ហ៊ានលោតសម្លាប់ខ្លួនដូច្នេះ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែកម្តាយជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ស្រះចកដើម្បីធ្វើលិខិតស្នាមទទួលយកម៉ូតូត្រឡប់ទៅផ្ទះវិញ ៕ ព្រែក ជ័យ

 

5 4 3 2 1 6


ចែករំលែក៖