ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីក្លឹបដឹកស្រីស្នេហ៍ក្នុងអាការស្រវឹងទៅបុកកម្លាំងនគរបាលល្បាតម្នាក់បាក់ជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ដែលទើបតែចេញពីផឹកសីុក្នុងហាងខារ៉ាអូខេ បានបើករថយន្តហាយឡែនឌ័រទាំងស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយដល់ផ្លូវបំបែកមិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូកងអន្តរាគមន៍ ដែលជិះកាត់ពីមុខបណ្តាលឲ្យរងរបួសបាក់ជើងធ្ងន់ ឯរថយន្តមិនទាន់អស់ល្បឿន ក៏បន្តឡើងទៅបុកស្លាកសញាចរាចរណ៍លើសួនច្បារថែមទៀតផង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភ្លើងស្តុបអគារខ្ពស់ធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក ហាយឡែនឌឺ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6142 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ព្រមទាំងមានដឹកនារីម្នាក់ថែមទៀតផង ចំណែកជនរងគ្រោះជាកងកម្លាំងអន្តរាគមន៍រាជធានី ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-8292 ។
តាមសម្តីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទឹសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចភ្លើងស្តុប ដែលជាផ្លូវបែកជាបួន រថយន្តមិនបានបន្ថយល្បឿនទេ ស្របពេល ដែលជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ១១០ក្នុងទឹសដៅពីកើតទៅលិចលឿនដូចគ្នា ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបើុងទាំងជនរងគ្រោះ និងម៉ូតូប្រហែល៥ម៉ែត្រ រងរបួសបាក់ជើងស្តាំ និងត្រូវចំក្បាលធ្ងន់ ចំណែករថយន្ត ក៏បន្តទៅបុកស្លាកសញ្ញាដែលនៅលើសួនច្បារថែមទៀត ។
ភ្លាមៗនោះ ក៏មានក្រុមអន្តរាគមន៍ផ្សេងជិះល្បាតឃើញ ក៏ជួយហៅរថយន្តសង្គ្រោះ និងឃាត់ម្ចាស់រថយន្តតែម្តងទៅ ។ សាក្សីបានបន្ថែមទៀតថា នេះការធ្វេសប្រហែសត្រង់ចំណុចផ្លូវបែកជាបួន អាងតែផ្លូវស្ងាត់ បើករថយន្តលឿនគ្មានគិតពីអាយុជីវិតអ្នកដទៃបន្តិចសោះ  ។
ចំណែកនារីម្នាក់ដែលរួមដំណើរក្នុងរថយន្តដែរនោះបាននិយាយថា នាងអត់បានដឹងអ្វីទេ ដោយសារតែនាងស្រវឹង ហើយដេកក្នុងរថយន្ត នាងគ្រាន់តែចាំថា មុនពេលកើតហេតុ ជនបង្កចូលទៅកំសាន្តនៅក្នុងខារ៉ាអូខេម្តុំគល់ស្ពានជ្រោយចង្វា បន្ទាប់ពីចប់ម៉ោងជនបង្កបានហៅនាងអោយចេញក្រៅជាមួយ ចំណែករូបនាងដោយសារតែចប់ម៉ោង ទើបបានចេញជាមួយជនបង្ក ។ ពេលចូលដល់ក្នុងរថយន្តរូបនាងដេករហូត ព្រោះស្រវឹង ដល់ពេលភ្ញាក់ឡើងក៏ឃើញរថយន្តបុកគ្នាតែម្តងទៅ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត ដោយជនបង្កបានឡើងលើរថយន្តសង្គ្រោះទៅជាមួយផង ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីដើម្បីរង់ចាំភាគីទាំង២ដោះស្រាយនៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ
IMG_2197 IMG_2188 IMG_2184 IMG_2177 IMG_2173

ចែករំលែក៖