ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ចាកចេញពីផ្ទះទៅនៅជាមួយមិត្តភក្ដិប្រុសដោយមិនបានប្រាប់អាណាព្យាបាលអោយដឹង និងមិនទាន់ឃើញត្រឡប់មកវិញ ក្រុមគ្រួសារភ័យខ្លាចគេយកទៅធ្វើបាប ក៏នាំគ្នារត់ទៅប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗ រកឃើញនៅក្នុងបន្ទប់ជួលមួយកន្លែង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១រំលងអធ្រាត្រឈានចលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួលមួយកន្លែង ត្រង់ចំណុចភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បេីយោងតាមប្រភពបញ្ជាក់ពីក្រុមគ្រួសារនារីខាងលើបានអោយដឹងថា នៅមុនពេលដែលកេីតហេតុវេលាម៉ោង៩:០០យប់ថ្ងៃទី៧ខែមករាឆ្នាំ២០២៥ដោយឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឌុបប្អូនរបស់ខ្លួនចេញពីផ្ទះទៅបាត់អស់ជាច្រើនម៉ោងមិនឃើញត្រឡប់មកវិញ។ ដោយមានការសង្ស័យខ្លាចចាញ់បោកការលួងលោមរបស់បុរសយកទៅធ្វើបាបក៏រត់ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍ស្វែងរកភ្លាមៗ។ ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទំនាក់ទំនងតាមទូរស័ព្ទនិងឆែកតាមឡុកខេសិនទៅឃើញបាត់នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។
ប្រភពបានបន្តថា បន្ទាប់មកក៏ស្នើសុំអោយម្ចាស់ផ្ទះជួលចូលរួមសហការជាមួយដេីម្បីឆែកឆេររកទៅឃើញនារីខាងលើកំពុងតែនៅក្នុងបន្ទប់លេខ២ជួបជុំគ្នាជាមួយមិត្តភក្ដិមានប្រុសស្រី ។ បន្ទាប់ពីសមត្ថកិច្ចសួរនាំនារីរូបនេះបានឆ្លើយបញ្ជាក់ថា មូលហេតុដែលខ្លួនចាកចេញពីផ្ទះមិនបានប្រាប់ឲ្យបងប្អូនដឹងនោះដោយសារមិត្តភក្ដិស្រីដែលស្គាល់គ្នាគេហៅមកចូលរួមខួបកំណើត ហើយគេគំរាមថាបេីមិនបានមកចូលរួមកម្មវិធីនេះទេនឹងមានរឿងថ្ងៃក្រោយជាក់ជាមិនខាន ដូច្នេះហើយទើបនាងចាកចេញដោយមិនបានប្រាប់នោះ ហើយអ្នកទាំងពីរបានឆ្លើយបដិសេធថាពួកគេមិនបានធ្វើអ្វីខុសសិលធម៌នោះឡើយហើយក៏មិនមែនជាសង្សារនឹងគ្នាដែរគឺជាមិត្តភក្ដិរាប់អានគ្នាប៉ុណ្ណោះ។
បន្ទាប់ពីរកឃើញហើយខាងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសដែលទៅឌុបនារីខាងលើយកទៅសួរនាំបំភ្លឺនៅប៉ុស្តិ៍ភ្លាមៗដេីម្បីចាត់ការទៅតាមនិតិវិធីបន្ត ៕
ដោយ៖ សុខាសែនជ័យ