ខេត្តកំពង់ចាម៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសគ្រឿង ញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មន្ត្រីនគរបាលឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមនិងមានការឯកភាពពីលោក សេង រិទ្ធី ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹក នាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ច ប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជន សង្ស័យបាន៣នាក់ដែលមានឈ្មោះដូចខាងក្រោម ÷
១-ឈ្មោះ ជ្រុនហួច ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់,២-ឈ្មោះ ឡេង វ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ជាមុខសញ្ញាមានថ្នាំ ញៀនចំនួន ០៦កញ្ចប់និង៣.ឈ្មោះ ធឹម ចាន់ស្នា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតួបាក់គាំ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់។
មន្ត្រីនគរបាលបានបញ្ជាក់ថា ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០៨កញ្ចប់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមកកាន់ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ សូរិយា